(ត្បូងឃ្មុំ)៖ ដើម្បីបំពេញការខ្វះខាតសៀវភៅ និងឯកសារស្រាវជ្រាវនានាក្នុងបណ្ណាល័យនៅតាមវិទ្យាល័យ ជាពិសេសក្នុងគោលបំណងបំផុសស្មារតី ជំរុញលើកកម្ពស់ការអានសៀវភៅដល់សិស្សានុសិស្ស ពិសេសយុវជន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានចំណាយថវិការផ្ទាល់ខ្លួនទិញសៀវភៅចំនួន៦០មុខ សរុបចំនួន២០០០ក្បាល ព្រមទាំងបង់អង្គុយចំនួន១០ឈុត(ក្នុង១វិទ្យាល័យ១ឈុត) ផ្តល់ជូនបណ្ណាល័យនៃវិទ្យាល័យចំនួន១០ ក្នុងខេត្តត្បូងឃ្មុំ សម្រាប់ដើមឆ្នាំសិក្សាថ្មី ២០២០-២០២១នេះ។
សៀវភៅទាំង៦០មុខនោះ មានដូចជាកម្រងវិញ្ញាសារគ្រប់មុខ សៀវភៅប្រលោមលោក គតិគំនិត ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ ព្រេងនិទាន ភាពជាអ្នកដឹកនាំ -ល- សរុបចំនួន២០០០ក្បាល រួមទាំងបង់អង្គុយ ត្រូវបានលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំយកទៅផ្តល់ជូនដល់វិទ្យាល័យទាំង១០ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ដោយសម្លឹងឃើញយ៉ាងច្បាស់ និងចូលរួមលើកស្ទួយវិស័យអប់រំ តាមរយៈការផ្តល់ជូននូវចំណេះដឹងទាំងឡាយដល់សិស្សានុសិស្ស ដែលមាននៅក្នុងសៀវភៅទាំងនេះ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ តំណាងអោយក្រសួងអប់រំ មន្ទីរអប់រំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ដែលបានឧបត្ថម្ភផ្តល់ជូន ក៍ដូចជាស.ស.យ.កខេត្តផងដែរ ព្រមទាំងសម្តែងអារម្មណ៍ត្រេកអរសប្បាយចិត្តយ៉ាងក្រៃលែង ដែលឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់លើការសិក្សារបស់សិស្សានុសិស្ស ក៍ដូចជាចូលរួមលើកស្ទួយវិស័យកីឡានានាក្នុងខេត្តយ៉ាងពេញទំហឹងដូចគ្នាផងដែរ។
សូមជម្រាបថា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ កន្លងមកបានចូលរួមជួយយ៉ាងពេញទំហឹងទាំងថវិការ សម្ភារៈ និងកម្លាំងកាយចិត្ត រួមជាមួយមន្ទីរអប់រំ និងបានការចូលរួមពី ស.ស.យ.ក ខេត្ត ក្នុងការលើកកម្ពស់វិស័យអប់រំក្នុងខេត្ត ដោយធ្វើការផ្តល់ជូនសៀវភៅសិក្សា ថវិការ និងសម្ភារៈ តាមរយៈមន្ទីរអប់រំ ចុះសំណេះសំណាល តាមបណ្តាសាលាក្នុងខេត្ត ពិសេសសិស្សានុសិស្សរៀនបំប៉នត្រៀមប្រលងថ្នាក់ទី១២ ដែលការសិក្សានេះធ្វើឡើងដោយស.ស.យ.កខេត្ត ឧបត្ថម្ភដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួយដល់សិស្សានុសិស្សក្រីក្រមិនមានលទ្ធភាពមករៀន ក៍ដូចជាផ្តល់រង្វាន់ជូនដល់សិស្សពូកែទទួលជ័យលាភីក្នុងសាលា និងសិស្សពូកែបាក់ឌុបនិទ្ទេសA នូវកុំព្យូទ័រយួរដៃម្នាក់១គ្រឿង ថវិការ និងអាហាររូបករណ៍បន្តការសិក្សាថ្នាក់ឧត្តមជាដើម។
អ្វីទាំងអស់នេះ គឺជាការចូលរួមបំផុស លើកស្ទួយការសិក្សា ពិសេសការអានសៀវភៅរបស់យុវជន របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលតែងបានមានប្រសាសន៍លើកឡើងថា «ចេះមកពីរៀន មានមកពីរក មានតែការអានសៀវភៅ និងសិក្សាស្រាវជ្រាវបន្ថែមនោះទេ ជាកំណប់ទ្រព្យយ៉ាងគាប់ប្រសើរ សម្រាប់មនុស្ស ពិសេសយុវជន ជាប្រយោជន៍មិនអាចកាត់ថ្លៃបានសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ខ្លួន អនាគតខ្លួន និងជាសសរទ្រូងយ៉ាងរឹងមាំ សម្រាប់សង្គមជាតិកម្ពុជាទាំងមូល» ៕




