(ភ្នំពេញ)៖ ដើម្បីការពារពីការចម្លងនូវវីរុសកូវីដ-១៩ និងជំងឺឆ្លងមួយចំនួន ក្រសួងសុខាភិបាល តាមរយៈលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តន៌វិធានការសុខាភិបាល ឱ្យបានជាប់ជាប្រចាំ រាល់ពេលដែលបំពេញភារកិច្ច និងរាល់ពេលធ្វើដំណើរ ដោយ៖
១, ពាក់ម៉ាស់ជាប់ជានិច្ច រាល់ពេលយកព័ត៌មាន និងនៅគ្រប់ពេល
២, ឧស្សាហ៌លាងដៃជាមួយអាល់កុល ឬទឹកជែលលាងដៃ ឱ្យបានញឹកញាប់ (ត្រូវដាក់តាមខ្លួននូវដបអាល់កុល ឬទឺកជែលលាងដៃ)
៣, រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងចម្ងាយយ៉ាងតិចមួយម៉ៃត្រកន្លះឡើងលើ រាល់ពេលទៅជិតបុគ្គលដែលត្រូវផ្តល់ព័ត៌មាន ឬពេលចូលទៅថតព្រឹត្តិការណ៌អ្វីមួយ។ កុំប្រជ្រៀតគ្នានៅក្នុងស្ថានភាពយកព័ត៌មានដែលចង្អៀតកកកុញ ទោះជានៅកន្លែងណាក៏ដោយ។
៤, ពេលយកព័ត៌មានរួច ត្រូវសម្អាតដៃ និងសម្ភារៈដែលបានប្រើរួចភ្លាមៗ ជាមួយអាល់កុល ឬទឹកសម្លាប់មេរោគ
៥, ប្រុងប្រយ័ត្នការប្រើក្បាលមេក្រូ មុនពេលដាក់ក្បាលមេក្រូឱ្យបុគ្គលម្នាក់និយាយ ត្រូវសម្អាតជាមុនដោយប្រើអាល់កុល ឬទឹកសម្លាប់មេរោគ ពេលចប់ ត្រូវសម្អាតម្តងទៀត។ សូមចៀសវាង ការទាញក្បាលមេក្រូ ដាក់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដើម្បីនិយាយព័ត៌មាន ដែលជួនកាលក៏មានការទាញយកមកនិយាយខ្លួនឯងផ្ទាល់ដែរ ដោយមិនបានជូតសម្អាតដោយប្រើអាល់កុល ឬទឹកសម្លាប់មេរោគ។
៦, ប្រសិនបើលោកអ្នកមានការក្អកកណ្តាស់ ត្រូវចេះអនុវត្តន៌វិធានការការពារដោយខ្ទប់មាត់ និងច្រមុះ ដោយម៉ាស់ កន្សែង ក្រម៉ា ឬក្រដាសជូតមាត់ រួចបោះចោលក្រដាសជូតមាត់ដែលបានប្រើហើយនោះ ក្នុងធុងសម្រាមត្រឹមត្រូវ។
៧, បុគ្គលដែលមានបញ្ហាសុខភាព ឬមិនសូវស្រួលខ្លួន ត្រូវសម្រាកនៅផ្ទៈ (អាចធ្វើការពីផ្ទៈបានប្រសិនបើនៅអាចធ្វើការបាន) មិនត្រូវចេញដើរទៅយកព័ត៌មាននោះឡើយ ហើយស្វែងរកការពិគ្រោះពិនិត្យព្យាបាល នៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក ឬហៅទៅលេខ ១១៥៕



