(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Twitter មុននេះបន្តិចថា លោកបានបណ្តេញរដ្ឋមន្ត្រីក្រសួងការពារជាតិគឺលោក Mark Esper ហើយលោក Christopher Miller ដែលមានតួនាទីជាប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិនឹងក្លាយជារដ្ឋមន្ត្រីស្តីទី«មានប្រសិទ្ធភាពភ្លាមៗ»។
ភាពតានតឹងកាន់តែខ្លាំងឡើងរបស់លោក Mark Esper ជាមួយលោក ដូណាល់ ត្រាំ កើតឡើងអំឡុងខែមិថុនា ឆ្នាំ២០២០ ដោយសារអ្នកទាំងពីរខ្វែងគំនិតគ្នាលើការចង់បញ្ជូនកងទ័ព ដើម្បីគ្រប់គ្រងបាតុកម្មប្រឆាំងប៉ូលីស ហើយក្រោយមកបាននាំឱ្យគាត់រៀបចំលិខិតលាលែងពីតំណែងកាលពីសប្តាហ៍មុន។ ភាពតានតឹងរវាងលោក Mark Esper និង លោក ដូណាល់ ត្រាំ ក៏បានលេចចេញជាសាធារណៈ និងមានលក្ខណៈស្រឡាំងកាំង ដែលជាការសម្រេចចិត្តបែបទាន់ហន់មួយ។ ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកគឺលោក ចន ប៊ុលតុន ក៏ត្រូវលោក ដូណាល់ ត្រាំ បណ្តេញចេញកាលពីឆ្នាំទៅដែរ៕



