(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នេះ គណបក្សប្រជាជនកម្ពុជា តាមរយៈសម្តេច សាយ ឈុំ អនុប្រធានគណបក្ស បានចេញសេចក្តីជូនដំណឹង ដល់ថ្នាក់ដឹកនាំ និងសមាជិកគ្រប់ជាន់ថ្នាក់ ស្តីពី ការផ្អាកការរៀបចំសន្និបាតគណៈកម្មាធិការកណ្ដាល នៅដំណាច់ឆ្នាំ២០២០ និងខួបអនុស្សាវរីយ៍ លើកទី៤២ នៃទិវាជ័យជម្នះ ៧មករា។ មូលហេតុ ដោយសារតែការរីករាលដាលជំងឺកូវីដ១៩។
សេចក្តីជូនដំណឹង លើកឡើងថា យោងសភាពការណ៍នៃជំងឺកូវីដ១៩ ដែលនៅតែបន្តឆ្លងរាលដាលខ្លាំងពាសពេញពិភពលោក និងតម្រូវឲ្យកម្ពុជា ត្រូវតែបន្តប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ជាប់ជានិច្ចនោះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកគណៈកម្មាធិការកណ្តាលទាំងអស់ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ បានជ្រាបអំពីការប្រារព្ធពិធីប្រចាំឆ្នាំរបស់គណបក្ស នៅពេលខាងមុខនេះ ដូចតទៅ៖
១៖ ត្រូវផ្អាកការធ្វើសន្និបាតគណៈកម្មាធិការកណ្ដាល នៅដំណាច់ឆ្នាំ២០២០នេះសិន ប៉ុន្តែនៅពេលនោះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល នឹងរៀបចំនូវឯកសារ «របាយការណ៍ ស្ដីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១» ដើម្បីផ្ញើជូនឱ្យគណបក្សគ្រប់ថ្នាក់ ចាត់ចែង រៀនសូត្រ ផ្សព្វផ្សាយ និងអនុវត្តភារកិច្ចបន្តទៀត។
២៖ ត្រូវផ្អាកការជួបប្រជុំធ្វើមីទ្ទីង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤២ នៃទិវាជ័យជម្នះ ៧មករា ដែលត្រូវធ្វើនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នេះសិន ប៉ុន្តែគ្រប់ថ្នាក់ ត្រូវត្រៀមរៀបចំ Logo បដា ពាក្យស្លោក។ល។ ដាក់តាំងនៅតាមទីតាំងនានា ដើម្បីអបអរសាទរ ដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំ កន្លងមក៕



