(ប៉េកាំង)៖ សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិននិងសមាគមអាស៊ានគួរតែពង្រឹងទំនុកចិត្តនិងសាមគ្គីភាព ខិតខំរួមគ្នា ដើម្បីបញ្ចូលថាមពលវិជ្ជមានបន្ថែមទៀត ទៅក្នុងស្ថេរភាពនិងវិបុលភាពក្នុងតំបន់។
នៅពេលដែលលោកបានជួបជាមួយបេសកជនការទូតនៃប្រទេសអាស៊ាននៅទីក្រុងប៉េកាំង លោក Wang Yi បាននិយាយថា ប្រទេសចិនមានឆន្ទៈបន្តធ្វើការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ COVID-19។ លោកប្រមុខការទូតចិន ក៏បានជំរុញឱ្យភាគីទាំងពីរអាស៊ាន-ចិន បន្តប្រកាន់ជំហររឹងមាំ រក្សានូវស្មារតីពហុភាគីនិយម និងពាណិជ្ជកម្មសេរី បន្តចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់តាមការគ្រោងទុក និងរួមគ្នាថែរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង៕



