(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា មានបុរសជនជាតិខ្មែរ ២នាក់ ទើបតែរកឃើញឆ្លងមេរោគកូវីដ១៩។ អ្នកទាំងពីរនោះ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាក លើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា តាមជើងហោះហើរខាងលើ មានបុរសជនជាតិខ្មែរពីនាក់ ពេលមកដល់កម្ពុជា បានធ្វើតេស្ត លើកទី១ ដោយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ដែលមានម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងម្នាក់ទៀត បានជាសះស្បើយ។ រីឯអ្នកដំណើរ ៣៥នាក់ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ នៅពេលនោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារ និងនៅវិទ្យាល័យពោធិ៍ចិនតុង ក្នុងរាជធានីភ្នំពេញ។ ដូច្នេះ អ្នកដំណើរ ដែលនៅវិទ្យាល័យពោធិ៍ចិនតុង នាក់ ដែលមានហានិភ័យ ក្នុងការចម្លងបន្តពីអ្នកជំងឺទាំងពីរនាក់ខាងលើ តម្រូវឲ្យនៅបន្តធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាពជាបន្ត។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៩វិច្ឆិកានេះ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៩៧នាក់។ ក្នុងនោះ ២៨៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕




