(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅថ្ងៃទី៨វិច្ឆិកា មានចំនួន ៥២នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ ដូច្នេះ ចំនួនសរុបអ្នកប៉ះពាល់ទាំងអស់ មាន ៩៤៤នាក់ សម្រាប់ថ្ងៃទី៤ ដល់ថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងចំនួននេះ មានបុរសម្នាក់ ជាអង្គរក្សផ្ទាល់របស់គណៈប្រតិភូហុងគ្រី កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានប្រកាស ក្រើនរម្លឹកដល់អ្នកដែលប៉ះពាល់ទាំងងស់ ដែលមានលទ្ធផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបន្តធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋាន ឲ្យបានត្រឹមត្រូវ និងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ( សម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័កដោយខ្លួនឯង ) ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញ ចំនួន ៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាក សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ ចាប់ពីម៉ោង ៧ព្រឹក ទៅតាមកាលបរិច្ឆេទ ដូចខាងក្រោម៖ លើកទី២ នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០២០។ លើកទី៣ នៅថ្ងៃទី១៤វិច្ឆិកា ឆ្នាំ២០២០ និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕




