(ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល អនុវត្តដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
តាមសេចក្តីប្រកាស ផ្លូវក្រុងទាំង ៣៤ខ្សែ នៅខេត្តព្រះសីហនុ ត្រូវបានចាក់បេតុង និងដាក់លូតាមផ្លូវ សម្រេចបាន ១០០% នៅសល់តែរៀបចំខឿន កម្រាលក្រានីត ដាក់បង្គោលភ្លើង ដាំដើមឈើ និងផ្កាប៉ុណ្ណោះ។
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់ថា ការស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ នៅខេត្តព្រះសីហនុ គឺជាការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ និងបានចាប់ដំណើរការការដ្ឋានសាងសង់ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩៕




