(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត បានយាងចាកចេញពីរាជធានីភ្នំពេញ តាមយន្តហោះ ទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។
ព្រះរាជវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូប បានយាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែ នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ រួមមាន៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេចហេងសំរិន ប្រធានរដ្ឋសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងឥស្សរជនជាច្រើនផ្សេងទៀត។
ក្នុងព្រះរាជសារ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រកាសថា ព្រះអង្គ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ ព្យាបាលព្រះរាជសុខភាព។
ព្រះករុណាព្រះមហាក្សត្រ លើកឡើងថា «នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»៕





