(ពោធិ៍សាត់)៖ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នឹងធ្វើជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ។
អំណោយដែលឯកឧត្តម ហ៊ុន ម៉ាណែត នាំយកទៅចែកជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ចំនួន១៧,៣០៦គ្រួសារ គឺក្នុងមួយគ្រួសារទទួលបានអង្ករ ចំនួន២៥គីឡូក្រាម, មី ចំនួន០១កេស, ត្រីខ ចំនួន០១យួរ, ទឹកត្រី ចំនួន០១យួរ, ទឹកស៉ីអ៉ីវ ចំនួន០១យួរ, ទឹកសុទ្ធ ចំនួន០១កេស, ឃីត ចំនួន០១កញ្ចប់, ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន៥០,០០០រៀល។
សូមជម្រាបថា ឥទិ្ធពលព្យុះនិងភ្លៀងធ្លាក់ខ្លាំងរយៈពេលកន្លងមក ធ្វើឲ្យប្រជាជលរដ្ឋក្នុងខេត្តពោធិ៍សាត់ ទទួលរងគ្រោះនូវជំនន់ទឹកភ្លៀង ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៦ក្រុង-ស្រុក ក្នុងនោះមានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្មើនឹង៣៤ឃុំ-សង្កាត់៕




