(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការស្ញប់ស្ញែង និងចាត់ទុកការធ្វើចត្តាឡីស័ករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាគំរូសម្រាប់មន្ដ្រី និងប្រជាពលរដ្ឋដទៃ ដើម្បីជៀសផុតពីជំងឺកូវីដ១៩។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបួងសួងសូមឲ្យសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារទាំងអស់ ជៀសឆ្ងាយពីជំងឺកូវីដ១៩ និងមានសុខភាពល្អ ដើម្បីបន្ដដឹកនាំប្រទេស។
ប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
គួរជម្រាបថា ទោះបីមិនមានឆ្លងកូវីដ១៩ តែសម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងអាក់ខានកម្មវិធីសំខាន់ៗមួយចំនួន សូម្បីតែភរិយា កូន និងចៅ ក៏មិនអាចជួបបានដែរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ នៅថ្ងៃទី០៦ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសមួយដោយអំពាវនាវអំពីវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី មកកម្ពុជានាពេលថ្មីៗនេះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមក សម្តេចគ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ។ សម្តេច នៅបន្តតែបំពេញការងារដូចជា ពិនិត្យរបាយការណ៍ ពិនិត្យសម្រេច លើសំណើររបស់ក្រសួងស្ថាប័ន និងចុះហត្ថលេខាលើឯកសារជាដើម៕




