ឯកឧត្ដមព្រុំ សុខា រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ បានចេញលិខិតមួយជម្រាបជូនដល់សម្ដេច ឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្រ្ដី ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័ន ស្ដីពីការផ្ដល់ផែនការក្របខណ្ឌជូនគ្រប់ក្រសួងស្ថាប័នសម្រាប់ឆ្នាំ២០២១។ លិខិតដែលចុះហត្ថលេខាដោយឯកឧត្ដមព្រុំ សុខានៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹង ថា រាជរដ្ឋាភិបាលបានកំណត់ចំនួនផែនការក្របខណ្ឌសម្រាប់ឆ្នាំ២០២១ ដោយត្រូវអនុវត្តដូចខាងក្រោម៖
ទី១.ចំពោះការជ្រើសរើសក្របខណ្ឌថ្មីឆ្នាំ២០២១ គ្រប់ក្រសួងស្ថាប័នត្រូវអនុវត្តត្រឹមចំនួនផែនការក្នុងឆ្នាំ២០២០ ដែលបានផ្អាកកន្លងមកតែប៉ុណ្ណោះ លើកលែងក្រសួងស្ថាប័នចំនួន៣ គឺក្រសួងរៀបចំដែនដីនគរូនីយកម្ម និងសំណង់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងរាជបណ្ឌិតសភាកម្ពុជានៃទីស្ដីការគណៈរដ្ឋមន្រ្ដី ដែលបាអនុវត្តការជ្រើសរើសរួចហើយ មិនអាចជ្រើសរើសក្របខណ្ឌថ្មីបន្ថែមក្នុងឆ្នាំ២០២១ឡើយ។ ដោយឡែកក្រសួងស្ថាប័ន ដែលបានធ្វើការជ្រើសរើសមន្ត្រីក្របខណ្ឌមួយចំនួនរួចហើយក្នុងឆ្នាំ២០២០ អាចធ្វើការជ្រើសរើសចំនួនក្របខណ្ឌដែលនៅសល់តែប៉ុណ្ណោះសម្រាប់ឆ្នាំ២០២១។
ទី២.ការប្រឡងជ្រើសរើសនិងអនុវត្តកម្មសិក្សា អាចចាប់ផ្ដើមពីខែមករាឆ្នាំ២០២១តទៅ ដោយត្រូវអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំវេជ្ជសាស្រ្ដរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ក្រសួងស្ថាប័នត្រូវជូនដំណឹងអំពីការជ្រើសរើស អនុលោមតាមនីតិវិធីជាធរមាន និងខ្លឹមសារនៃលិខិតចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមុខងារសាធារណៈ។
ទី៣.ចំពោះមន្ត្រីជាប់កិច្ចសន្យា ឆ្នាំទំនប់ប្រព័ន្ធធារាសាស្រ្ដជាប់កិច្ចសន្យា គ្រូបង្រៀនពុទ្ធិកជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា គ្រូបង្រៀនពីរថ្នាក់ពីរពេល និងថ្នាក់គួបគ្រប់កម្រិត គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ និងគ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាម ដែលត្រូវផ្ដល់ជូនក្រសួងស្ថាប័នសម្រាប់ឆ្នាំ២០ ២១គឺត្រូវអនុវត្តតាមចំនួន ដែលបានផ្ដល់ជូនក្នុងឆ្នាំ២០២០៕




