(ប៉េកាំង)៖ អនុរដ្ឋមន្រ្តីការបរទេសចិនលោក លឺ យូឆេង (Le Yucheng) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនសង្ឃឹមថារដ្ឋាភិបាលអាណត្តិថ្មីរបស់សហរដ្ឋអាមេរិក អាចដើរស្របតាមទិសដៅជាមួយភាគីចិន អាចផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិត ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ទៅមុខ។ នេះបើយោងតាមការចេញផ្សាយដោយ CGTN នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក លឺ យូឆេង បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ នៅពេលដែលសាកសួរពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក លោក លឺ យូឆេង បាននិយាយថា ការបោះឆ្នោតលើកនេះអាចដំណើរការដោយនឹងនរនិងរលូន។
លោកបានមានប្រសាសន៍ថា «យើងសង្ឃឹមថាភាគីសហរដ្ឋអាមេរិក នឹងធ្វើការជាមួយប្រទេសចិនដោយឈរលើគោលការណ៍មិនមានជម្លោះ ការមិនប្រឈមមុខគ្នា ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ»។
ទោះបីជានៅមានការខ្វែងគំនិតគ្នាក៏ដោយ ប្រទេសទាំងពីរមានផលប្រយោជន៍រួម និងឱកាសសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការនេះ ហើយទំនាក់ទំនងទ្វេភាគីដែលប្រកបដោយស្ថិរភាព មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ តែថែមទាំងសក្តិសមនឹងការរំពឹងទុក ពីសំណាក់សហគមន៍អន្តរជាតិទៀតផង៕




