(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះថា មានបុរសជនជាតិខ្មែរ ២នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី២៧ ខែតុលា។ បុរសទាំងពីរនាក់នេះ មានអាសយដ្ឋានស្នាក់នៅក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល និងស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរ មកពីប្រទេសជប៉ុន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានប្រកាសថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ពួកគាត់ គឺវិជ្ជមានវីរុសកូវីដ១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៣៩នាក់ ( ស្ត្រី ៧នាក់ )។ ក្នុងនោះ អ្នកដំណើរចំនួន ៣៧នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅវិទ្យាល័យពោធិ៍ចិនតុង ចំនួន ១១នាក់ សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន ៥នាក់ និងសណ្ឋាគារមួយផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ចំនួន ២៣នាក់។
ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៩០នាក់ ( ស្ត្រី ៥៩នាក់ និងបុរស ២៣១នាក់ )។ ក្នុងនោះ ២៨៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ( បុរសជនជាតិខ្មែរ ៣នាក់ ស្ត្រីជនជាតិខ្មែរ ម្នាក់ បុរសជនជាតិប៉ូឡូញ ម្នាក់ បុរសជនជាតិបារាំង ម្នាក់ និងស្ត្រីជនជាតិបារាំង ម្នាក់ )៕





