(ភ្នំពេញ)៖ ក្រុមហ៊ុន ជីបម៉ុងគ្រុប បានបរិច្ចាគថវិកា ចំនួន ៥០០,០០០ ដុល្លារអាមេរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ ត្រូវបានធ្វើឡើង កាលព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន ជីប ម៉ុង ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ដើម្បីសំណេះសំណាល និងទទួលថវិកាសប្បុរធម៌ ចំនួន ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក ដែលក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ឆ្នាំ២០២០។
នេះជាការបរិច្ចាគលើកទី៣ របស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីរួមចំណែករក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា។ គិតត្រឹមឆ្នាំ២០២០ នេះ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគទឹកប្រាក់សរុប ១ ១០០ ០០០ (មួយលាន មួយរយពាន់) ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះកាយវិការប្រកបដោយសម្បុរសធម៌របស់លោកជំទាវអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន និងក្រុមគ្រួសារ ដែលតែងតែយកចិត្តទុកដាក់ និងរួមចំណែកជាប្រចាំជាមួយរាជរដ្ឋាភិបាល ក្នុងការទ្រទ្រង់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា រួមទាំងការជួយឧបត្ថម្ភផ្សេងៗទៀត ដូចជា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ កាលពីពេលថ្មីៗនេះ ផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ទឹកចិត្តសប្បុរសនេះ មិនត្រឹមតែជួយមន្ទីរពេទ្យគន្ធបុប្ផា ប៉ុណ្ណោះទេ ថែមទាំងជាការរួមចំណែកដល់ការសាបព្រោះ និងការលើកកម្ពស់ស្មារតី “ខ្មែរ-ជួយខ្មែរ” ស្របតាមឧត្តមគំនិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាស្ថាបនិក និងជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការសោកស្តាយក្រៃលែង ចំពោះការបាត់បង់វីរជនសំខាន់ៗ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា ក្នុងនោះ រួមមាន លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richer, លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Peter Studer និងការបាត់បង់ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីពេលថ្មីៗនេះ ដែលសុទ្ធតែបានដើរតួនាទីគន្លឹះ ក្នុងការសង្រ្គោះកុមារកម្ពុជារាប់លាននាក់។
ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក និង អ្នកឧកញ៉ា លាង ឃុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលប្រតិភូនៃក្រុមហ៊ុន ជីប ម៉ុង និងបានសម្តែងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តោតការយកចិត្តទុកដាក់ចំពោះប្រជាជន និងសង្គមជាតិ ជាពិសេសកុមារកម្ពុជា។
អ្នកឧកញ៉ាទាំងពីរ ក៏បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់វីរជនសំខាន់ៗ នាពេលថ្មីៗនេះ និងបានសន្យាថានឹងបន្តគាំទ្រ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ដ៏មានសារសំខាន់នេះ។
នៅទីបញ្ចប់នៃជំនួប, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី ចំពោះលោកជំទាវអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន និងក្រុមគ្រួសារ ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ក្រុមហ៊ុន ជីប ម៉ុង ចំពោះការចូលរួមសកម្មភាពមនុស្សធម៌ ជាប្រចាំនេះ ទោះបីជាក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ នាពេលថ្មីៗ ដែលក្រុមហ៊ុនបានបរិច្ចាគជូនរាជរដ្ឋាភិបាលក៏ដោយ ក៏សមានចិត្ត ក្នុងការគាំទ្រ និងបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាមិនមានការប្រែប្រួលឡើយ និងប្រកបដោយទឹកចិត្តសប្បុរធម៌ជានិច្ច។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ជីប ម៉ុង បន្តខិតខំប្រឹងប្រែង និងពង្រីកការវិនិយោគឱ្យបានកាន់តែទូលំទូលាយ ដើម្បីបន្តអភិវឌ្ឍក្រុមហ៊ុន និងក៏ដូចជាចូលរួមចំណែកអភិវឌ្ឍព្រះ-រាជាណាចក្រកម្ពុជា ផងដែរ និងបានអំពាវនាវ និងបន្តលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និង សាធារណជន ឱ្យបន្តចូលរួមបរិច្ចាគ តាមរយៈ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាធានាឱ្យខាងតែបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
សូមរម្លឹកថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន ជីបម៉ុងគ្រុប បានបរិច្ចាគថវិកា ចំនួន ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។
ជាមួយគ្នានោះ ក្រុមហ៊ុន ជីបម៉ុងគ្រុប ក៏បានបរិច្ចាគថវិកា ១០ ម៉ឺនដុល្លារ ជូនឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងផងដែរ៕




