(ភ្នំពេញ)៖ ក្រោយដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៣ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីភ្នំពេញ អញ្ជើញទៅដល់ខេត្តសៀមរាបហើយ នៅរសៀលថ្ងៃទី២៣ ខែតុលានេះ។ សម្តេចតេជោ នឹងបន្តចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។
សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើដំណើរទាំងព្រឹកព្រលឹម ចាកចេញពីភ្នំពេញ ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីជួបសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ជាង ២ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ។ ពិធីជួបជុំ បានធ្វើឡើងជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២១ និងថ្ងៃទី២២ ខែតុលា។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ គឺជាខេត្ត ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ និងយូរជាងគេ ដោយជំនន់ទឹកភ្លៀង ដែលចាំបាច់ ត្រូវផ្តល់អាទិភាពសង្គ្រោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង៕



