(ខេត្តបន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលក្រុងប៉ោយប៉ែត បានប្រកាសជូនដំណឹងដល់សាធារណជន និងជាពិសេសម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធំទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រមលោកយាយម៉ៅ រហូតដល់ផ្លូវបំបែកកូនដំរី នៅស្រុកម៉ាឡៃ និងផ្លូវលំនានា ក្នុងភូមិសាស្ត្រទីប្រជុំជន ក្រុងប៉ោយប៉ែត ឲ្យបានជ្រាបថា ដោយរងឥទ្ធិពលជំនន់ទឹកភ្លៀងពីថៃ បានធ្វើឲ្យកម្រិតទឹក កើនឡើងជាគំហុក បណ្តាលឲ្យលិចលំនៅឋានប្រជាពលរដ្ឋ ក្នុងភូមិមួយចំនួន ដែលនៅជាប់តាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ រួចច្រាលមកលិចចំណាត់ផ្លូវជាតិលេខ៥ និងទីប្រជុំជន ក្នុងក្រុងប៉ោយប៉ែត ផងដែរ។
ដើម្បីការពារសុវត្ថិភាព និងជៀសវាងការខូចខាតផ្លូវធ្ងន់ធ្ងរ រដ្ឋបាលក្រុងប៉ោយប៉ែត បានប្រកាស ផ្អាកបណ្តោះអាសន្ននូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រមលោកយាយម៉ៅ រហូតដល់ផ្លូវបំបែកកូនដំរី នៅស្រុកម៉ាឡៃ និងផ្លូវក្នុងទីប្រជុំជន ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់ទឹកស្រកទៅវិញអស់៕




