(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅព្រឹកថ្ងៃទី២០ ខែតុលានេះថា នៅក្នុងមហាសមុទ្រ ស្ថិតនៅខាងកើតប្រទេសហ្វីលីពីន នឹងអាចមានខ្យល់ព្យុះទី១៧ ឈ្មោះ សូដែល ( SAUDEL ) ដែលតាមការព្យាករ ជាលក្ខណៈតំបន់ បង្ហាញថា ព្យុះនេះ នឹងធ្វើដំណើរចូលភាគខាងជើងប្រទេសវៀតណាម ត្រង់ចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី២៥-២៦ ខែតុលា។ ព្យុះនេះ អាចមានឥទ្ធិពលបន្តិចបន្តួចប៉ុណ្ណោះនៃភាគឦសាន ប្រទេសកម្ពុជា។
សេចក្តីប្រកាស បង្ហាញថា ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិច ទៅមធ្យម។ រីឯបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីតិច ទៅមធ្យម។ ដោយឡែក នៅតំបន់មាត់សមុទ្រ ក៏នឹងអាចមានភ្លៀងធ្លាក់ពីតិច ទៅបង្គួរ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសអំពាវនាវសូមសាធារណជន បន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ទន្ទឹមនោះ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា អាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕




