(ភ្នំពេញ)៖ ទោះបីជាភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ តែនៅម៉ោងជិត ៧យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ កំពុងស្នាក់នៅទួលសុវត្ថិភាព នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជំនន់ស្ទឺងព្រែកត្នោត នៅរាជធានីភ្នំពេញ បង្កការលិចលង់នៅសង្កាត់ ចំនួន ៥ ក្នុងខណ្ឌដង្កោ នាពេលនេះ រួមមាន៖ សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ព្រែកកំពឹស សង្កាត់ស្ពានថ្ម និងសង្កាត់គងនយ។
ចាប់តាំងពីយប់ថ្ងៃទី១៤តុលា កំណាត់ផ្លូវលេខ២១៧ ចាប់ពីភ្លើងស្តុបចំការដូង ទៅរង្វង់មូលគួស្រូវ ត្រូវបានទឹកលិច មិនអាចធ្វើចរាចរណ៍បានទេ។ ក្នុងនោះ ប្រជាពលរដ្ឋរាប់រយគ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសចេញពីផ្ទះលិចទឹក ទៅទូលសុវត្ថិភាព៕


