WCS ជួយសង្គ្រោះកូនទាព្រៃស្លាបសនៅកម្ពុជា​ ដែលកំពុងរងការគំរាមកំហែងជិតផុតពូជ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ អង្គការ WCS ប្រចាំកម្ពុជាបានចេញផ្សាយរូបភាពកូនទាព្រៃស្លាបស ខណៈពេលដែលវាបានចាកចេញពីសំបុករបស់វាក្នុងរន្ធដើមឈើជាមួយមេរបស់វា។ ក្រុមការងារអភិរក្សជឿថា កូនទាព្រៃស្លាបសនេះគឺជាកូនទាព្រៃស្លាបសមួយក្នុងចំណោមកូនទាព្រៃស្លាបស ៥ក្បាល ដែលក្រុមការងារបានតាមដាននៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ភូមិសាស្ត្រខេត្តព្រះវិហារ។

លោក ម៉ៅ ឃៀន និងក្រុមការងាររបស់គាត់បានដំឡើងម៉ាស៊ីនថតសត្វព្រៃស្វ័យប្រវត្តិនៅក្បែរសំបុកដើម្បីថតយករូបភាពដោយមិនឱ្យមានការរំខានដល់ទាព្រៃស្លាបស។ ទាព្រៃស្លាបសទាំងនេះចូលចិត្តធ្វើសំបុកនៅក្នុងរន្ធឈើនៅលើដើមឈើចាស់ៗ។ តែគួរឱ្យសោកស្តាយ ដើមឈើប្រភេទនេះប្រឈមខ្ពស់ទៅនឹងការកាប់យកទៅលក់ខុសច្បាប់។

សំបុកទាព្រៃស្លាបស ស្ថិតនៅកម្ពស់ ៤ម៉ែត្រពីដី ដូច្នេះការថតយកសកម្មភាពទាព្រៃស្លាបសនៅក្នុងសំបុករបស់វាមិនងាយស្រួលទេ។ តែទោះជាយ៉ាងនេះក្តី លោក ឃៀន និងក្រុមការងារស្រាវជ្រាវជីវៈចម្រុះសហគមន៍អាចដាក់ពង្រាយម៉ាស៊ីនថតសត្វស្វ័យប្រវត្តិចំនួនពីរនៅក្បែរសំបុក ហើយលទ្ធផលទទួលបានគឺគួរឱ្យភ្ញាក់ផ្អើល។

ទាព្រៃស្លាបស (Asacornis scutulata) បច្ចុប្បន្ន ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជនៅលើពិភពលោក មានវត្តមាននៅសេសសល់ក្នុងទីជម្រកធម្មជាតិតិចជាង១.០០០ក្បាល ភាគច្រើនមាននៅក្នុងប្រទេសឥណ្ឌា និងមីយ៉ាន់ម៉ា។

លោក សាយម៉ុន ម៉ាហ៊ូដ (Simon Mahood) ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃអង្គការ WCS បានថ្លែងថា «ទាព្រៃស្លាបសគឺជាប្រភេទសត្វព្រៃដ៏សំខាន់។ ទីជម្រករបស់វាមានលក្ខណៈពិសេស ហើយយើងត្រូវតែអភិរក្សទីជម្រកទាំងនេះដើម្បីការពារប្រភេទសត្វនេះ ព្រមទាំងប្រភេទសត្វដទៃៗទៀត។ លទ្ធផលនៃការអង្កេតតាមដាននេះមានលក្ខណៈវិជ្ជមាន និងបង្ហាញច្បាស់ថា ដោយមានការចូលរួមពីសហគមន៍និងមានកិច្ចសហការរឹងមាំក្នុងភាពជាដៃគូរវាងភាគីពាក់ព័ន្ធទាំងអស់ ធ្វើឱ្យកិច្ចប្រឹងប្រែងអភិរក្សអាចទទួលបានជោគជ័យ។»

អង្គការ WCS សហការជាមួយមន្ទីរបរិស្ថានខេត្ត និងដៃគូដទៃទៀត បាននិងកំពុងធ្វើការជាមួយប្រជាសហគមន៍នៅក្នុងតំបន់ដើម្បីការពារប្រភេទសត្វដ៏សំខាន់នេះអស់រយៈពេល១០ឆ្នាំកន្លងមក ហើយលទ្ធផលគួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រេចបានតាមរយៈដៃគូសហការដ៏ល្អនេះ។

កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ អ្នកភូមិដែលនៅពេលនោះទទួលបានការអប់រំអំពីស្ថានភាពនិងសារៈសំខាន់របស់ទាព្រៃស្លាបស បានចូលរួមសង្គ្រោះមេទាព្រៃស្លាបសមួយក្បាលក្នុងរដូវកាលជម្រុះរោម។ ក្នុងកំឡុង ពេលជម្រុះរោម សត្វទាព្រៃស្លាបសមិនអាចហើរបានទេ ជាហេតុនាំឱ្យវាងាយរងគ្រោះពេលជួបពួក ប្រភេទសត្វស៊ីសាច់ជាអាហារ។ 

ក្រោយពីបានទទួលការមើលថែទាំមួយរយៈពេលខ្លីនៅឯមជ្ឈមណ្ឌល អង្គរដើម្បីការអភិរក្សជីវៈចម្រុះ(ACCB) មេទាព្រៃស្លាបសនោះត្រូវបានយកមកលែងនៅក្នុងតំបន់នេះវិញដោយសុវត្ថិភាព។ ពីរឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ ២០១៧ អ្នកភូមិបានរាយការណ៍ឱ្យដឹងថាពួកគាត់បានឃើញសំបុកសត្វមួយ សំបុក ហើយភ្លាមនោះ ក្រុមការពារសំបុកសត្វនៃអង្គការWCS បានទៅពិនិត្យមើលនិងការពារសំបុកនោះ។ 

គម្រោងការពារសំបុកសត្វ គឺជាគម្រោងមួយបង្កើតឡើងដោយក្រុមអភិរក្សក្នុងគោលបំណងផ្តល់ជម្រើសដល់សហគមន៍ដែលរស់នៅក្នុង ឬក្បែរតំបន់ការពារធម្មជាតិដើម្បីបង្កើតប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅតាមរយៈប្រព័ន្ធលើកទឹកចិត្ត។ ប្រជាសហគមន៍មូលដ្ឋានត្រូវបានជួលឱ្យយាមការពារសំបុកទាព្រៃស្លាបសនេះរហូត ដល់កូនទាព្រៃស្លាបសចំនួន ៩ក្បាលបានញាស់ដោយជោគជ័យ។ ក្រវឹលពាក់ជាប់នឹងជើងរបស់វា បានបញ្ជាក់ថា វាគឺជាមេទាព្រៃស្លាបសដែលបានបញ្ជូនទៅថែទាំនៅមជ្ឈមណ្ឌលអង្គរដើម្បីការអភិរក្សជីវៈចម្រុះ កន្លងមក។ 

ក្នុងឆ្នាំ ២០១៩ អ្នកភូមិបានរាយការណ៍ជូនអង្គការ WCS ម្តងទៀតថា មេទាព្រៃស្លាបសដដែលនេះ ត្រូវបានពួកគាត់ជួយសង្គ្រោះម្តងទៀតក្នុងកំឡុងពេលវាផ្លាស់រោមប្រចាំឆ្នាំ។ ទោះបីជាគ្មានមនុស្សទៅ ចាប់វាក៏ដោយ ការដែលវាមានវត្តមាននៅក្បែរភូមិ និងចម្ការក្នុងកំឡុងពេលវាជម្រុះរោម វាអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ពេលឆ្កែស្រុកឃើញវា។

លោក ឃៀន ប្រធានក្រុមជីវៈចម្រុះនៃអង្គការ WCS បានបញ្ជាក់ថា «ពួកយើងមានក្តីរំភើបនៅពេលដែលបានឮដំណឹងថា សំបុកនោះត្រូវបានមេទាព្រៃស្លាបសប្រើប្រាស់ម្តងទៀត។ នៅពេលដែលពួកយើងទៅពិនិត្យមើល ក៏បានឃើញមេទាព្រៃស្លាបសថ្មីមួយផ្សេងទៀត ពួកយើងសប្បាយចិត្តណាស់។»

ក្នុងរយៈពេលកន្លងមក ប្រទេសកម្ពុជាជួបគ្រោះរាំងស្ងួតរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ធ្វើឱ្យទឹកអូររីងហួតនៅរាក់។ ប៉ុន្តែ នៅខែមិថុនា ឆ្នាំ២០២០ នៅពេលដែលទឹកចាប់ហូរចូលអូរវិញ មេទាព្រៃស្លាបសត្រូវបានលែងចូលព្រៃធម្មជាតិរបស់វាវិញម្តងទៀតបន្ទាប់ពីវាដុះរោមពេញខ្លួនវិញនៅឯមជ្ឈមណ្ឌលអង្គរដើម្បីការអភិរក្សជីវៈចម្រុះ។ មេទាព្រៃស្លាបសនេះ មានក្រវឹលសម្គាល់អត្តសញ្ញាណដែលក្រុមការងារបានចងភ្ជាប់ទៅនឹងជើងឆ្វេងរបស់វាដើម្បីឱ្យក្រុមការងារស្រាវជ្រាវងាយស្រួលសម្គាល់។ 

អង្គការ WCS មានការភ្ញាក់ផ្អើល និងសប្បាយរីករាយដោយមួយខែក្រោយមកគឺនៅខែកក្កដាបានឃើញមេទាព្រៃស្លាបសមួយក្បាលផ្សេងទៀតមកក្រាបពងនៅក្នុងសំបុករបស់មេទាព្រៃស្លាបសមុន។ មេទាព្រៃស្លាបសថ្មីនេះ ញាស់បានពងចំនួន ៥ ហើយក្រុមការពារសំបុកបានប្រញាប់ប្រញាល់យាមការពារសាជាថ្មីម្តងទៀត៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹង​អ្នករិះគន់ ដែលថា ទឹកជំនន់​នៅកម្ពុជា នៅពេលនេះ ដោយសារតែលុបបឹង ប្រឡាយ
ព័ត៌មានជាតិ
ទឹកជំនន់​ពេលនេះ មិនមែន​កើត​តែ​នៅ​កម្ពុជា​ទេ​! ថៃ និង​វៀតណាម ក៏​រងគ្រោះ​ធ្ងន់ធ្ងរ​ដែរ​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​អាជ្ញាធរ​សមត្ថកិច្ច ត្រូវ​ផ្តល់​អាទិភាព ដល់​ការជម្លៀស​ប្រជាពលរដ្ឋ ចេញពី​តំបន់​គ្រោះថ្នាក់​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​
ព័ត៌មានជាតិ
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់តំបន់ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​: គិត​ត្រឹម​រសៀល​ថ្ងៃទី​១៥​តុលា​នេះ ថវិកា​ជាង ៦​លាន​ដុល្លារ និង​ជាង ២០០​លាន​រៀល ទទួលបាន​ពី​សប្បុរសជន សម្រាប់​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី