(ព្រះសីហនុ)៖ ផ្លូវរត់យន្តហោះ (Runway) នេះ ធ្វើឡើងក្រោមកម្មវិធីវិនិយោគដែលមានទឹកប្រាក់ចំនួន ៥៨លានដុល្លារអាមេរិក ត្រូវបានគ្រោងឱ្យដំណើរការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសន្ទុះកំណើនអ្នកដំណើរយ៉ាងខ្លាំងក្លា និងដោយមានគោលបំណងទទួលការចុះចតរបស់យន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER ឫយន្តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានប្រើប្រាស់ផ្លូវរត់(ផ្លូវចុះចតយន្តហោះ) ចម្ងាយ ៣.៣០០ ម៉ែត្រ ដែលបានពង្រីកបន្ថែមប្រវែង៨០០ ម៉ែត្រ និងជួសជុលទាំងស្រុងប្រវែង២៥០០ម៉ែត្រ ហើយព្រមទាំងបានបំពាក់ដោយប្រព័ន្ធអំពូលភ្លើង LED ថ្មីនៅតាមដងផ្លូវយន្តហោះដើម្បីជួយកាត់បន្ថយការបញ្ចេញុឧស្ម័នកាបូន។
កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំការបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គួរកត់សម្គាល់ថាក្នុងរយៈពេល៥ឆ្នាំចុង ក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរអោយទាក់ទាញតាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍ និងឆ្នេរសមុទ្រធម្មជាតិយ៉ាងស្រស់ស្អាត ដែលបានទាក់ទាញវិនិយោគិន ធុរកិច្ច និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាច្រើនផងដែរ៕




