(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៤ ខែតុលានេះ បានបង្ហាញ «រូបភាពពីរោងម៉ាស៊ីនក្រុមហ៊ុនអេមរុរ៉ាយស៍ ខេត្តបាត់ដំបង» ខណៈពេលដែលគ្រោះទឹកជំនន់បាននិងកំពុងបន្តជន់លិចយ៉ាងគំហុក នៅតាមបណ្តាខេត្តមួយចំនួន ជាក់ស្តែងនៅខេត្តបាត់ដំបងនេះ វាបានបង្កឱ្យមានការប៉ះពាល់យ៉ាងខ្លាំង ជាពិសេសទៅដល់ដំណាំស្រូវរបស់ប្រជាកសិករ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ជាការចូលរួមក្នុងស្មារតីខ្មែរជួយខ្មែរ រោងម៉ាស៊ីនរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ នៅខេត្តបាត់ដំបង (ទីតាំងនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង) ចាប់ផ្តើមពីថ្ងៃម្សិលមិញនេះ បានជួយប្រមូលទិញស្រូវសើមប្រភេទសែនក្រអូប របស់ប្រជាកសិករក្នុងបរិមាណប្រហែល៦០ទៅ៧០ គោយន្ត (គិតជាទម្ងន់ប្រមាណ៨០តោន)។ ចំពោះតម្លៃដែលខាងរោងម៉ាស៊ីនអាចទទួលទិញបានគឺទៅតាមស្ថានភាពជាក់ស្តែងនៃគុណភាពស្រូវ ពោលគឺអាចក្នុងចន្លោះតម្លៃ ៩០០រៀល ទៅ១១៣០រៀល (គុណភាពលេខ១ តម្លៃ១១៣០រៀល លេខ២ តម្លៃ១០៣០រៀល លេខ៣ តម្លៃ៩៥០រៀល និងលេខ៤ តម្លៃ៩០០រៀល)។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តថា ជាការពិត តម្លៃដែលរោងម៉ាស៊ីនអាចទទួលទិញ គឺអាស្រ័យទៅលើកម្រិតនៃគុណភាពស្រូវ ជាក់ស្តែងស្រូវសើមដែលលិចត្រាំក្នុងទឹក វាមានសភាពជក់ទឹកធ្ងន់ ហើយគុណភាពក៏ប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែងដែរ ជារួម ការខាតបង់ គឺអាចស្ថិតក្នុងរង្វង់២០ ទៅ៣០ភាគរយ។
បើតាមលោក ឃី ឆៃវ៉ាត់ ប្រធានគ្រប់គ្រងទូទៅ នៃរោងម៉ាស៊ីនអេមរុរ៉ាយស៍ ខេត្តបាត់ដំបង បានឱ្យដឹងថា “ប្រជាកសិករគាត់ត្រេកអរជាខ្លំាង ដែលខាងរោងម៉ាស៊ីនបានទទួលទិញស្រូវរបស់ពួកគាត់ ដោយហេតុថា ទឹកភ្លៀងនៅបន្តធ្លាក់ ហើយទឹកជំនន់នៅមិនបានស្រកទៅវិញ ដែលធ្វើឱ្យពួកគាត់ពិបាកក្នុងការហាលស្រូវដែលច្រូតរួច ព្រោះមិនមានថ្ងៃ ហើយមួយវិញទៀត បើសិនជាច្រូតហើយ ក៏មិនមានកន្លែងទុកដែរ ដោយសារតែទឹកជំនន់លេចគ្រប់ទីកន្លែង នៅក្នុងស្រុកភូមិទៅហើយ”។
ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនអេមរុរ៉ាយស៍នឹងបន្តចូលរួមជួយទិញស្រូវរបស់កសិករ ទៅតាមលទ្ធភាព គុណភាព និងក្នុងតម្លៃសមរម្យ។ បងប្អូនប្រជាកសិករ ដែលមានទីតាំងនៅជិតរោងម៉ាស៊ីនរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍នៅខេត្តបាត់ដំបង អាចទំនាក់ទំនងមករោងម៉ាស៊ីនបាន តាមរយៈលេខទូរស័ព្ទរបស់លោក ឃី ឆៃវ៉ាត់ផ្ទាល់ 077 92 93 9៕




