(ភ្នំពេញ)៖ លោកឧកញ៉ា សៀ ឬទ្ធី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។
ជំនន់ទឹកភ្លៀង បានវាយប្រហារខេត្តរាជធានី ចំនួន ១៩ ស្មើនឹង ៦០ ក្រុងស្រុកខណ្ឌ និង ២០៤ ឃុំសង្កាត់ គិតមកដល់រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ ជំនន់ទឹកភ្លៀង បានប៉ះពាល់ប្រជាពលរដ្ឋជាង ១៣ម៉ឺននាក់ និងបណ្តាលឲ្យស្លាប់ ១១នាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា គិតត្រឹមម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ថវិកាទទួលបាន មានចំនួន ២ ៧០៥ ០០០ ដុល្លារ។ ថវិកា ដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្គ្រោះបន្ទាន់ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងករណីយ មានសប្បុរសជន ចង់ចូលរួមបន្ថែមទៀត សូមទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ស្រឡាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក»៕



