សម្ដេចក្រឡាហោម ស ខេង ទទួល បានអាវកិត្តិយសថ្នាក់លេខ២ ​ពីគណៈមេធាវីកម្ពុជា​ក្នុងការងារពង្រឹងសេវាកម្មផ្នែកច្បាប់ ​និងយុត្តិធម៌សង្គម​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនប្រតិភូគណៈមេធាវីនៃព្រះរាជាណាចកម្ពុជា ដឹកនាំដោយលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចស្វាគមន៍សម្ដេចក្រឡាហោម បានចាត់ទុកការអញ្ជើញមកក្រសួងមហាផ្ទៃរបស់ប្រតិភូគណៈមេធាវីកម្ពុជានាថ្ងៃនេះ ថាជាការផ្ដួចផ្ដើមមួយដ៏ល្អប្រសើរ ដើម្បីផ្ដល់ឱកាសឲ្យភាគីទាំងពីរ បានជួបជែកពិភាក្សារួមគ្នាទាំងនៅក្នុងពេលនេះ និងសម្រាប់ពេលខាងមុខដើម្បីបុព្វហេតុពង្រឹងយុត្តិធម៌សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក៏បានថ្លែងអបអរសាទរចំពោះជោគជ័យទាំងឡាយដែលគណៈមេធាវីកម្ពុជា ក្នុងរយៈពេលកន្លងមក ក៏ដូចជានៅក្នុងអាណត្តិបច្ចុប្បន្ននេះ បានបំពេញការងារជាច្រើនចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម។ សម្ដេចបានមានប្រសាសន៍ថានៅក្រសួងមហាផ្ទៃក៏មានឯកឧត្តម ប៊ុន ហុន អតីតប្រធានគណៈមេធាវី បានមកជួយការងារច្បាប់ក្រសួងក្នុងឋានៈជារដ្ឋលេខាធិការដែរ។

សម្ដេចបានគូសបញ្ជាក់ថាក្រសួងមហាផ្ទៃ គឺជាក្រសួងដែលធ្វើកិច្ចការពាក់ព័ន្ធនឹងច្បាប់ច្រើន ទាំងការកសាងច្បាប់ និងការអនុវត្តច្បាប់ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ។ ដូច្នេះក្រសួងក៏ទាមទារឲ្យមានអ្នកច្បាប់មកចូលរួមជួយច្រើន ក្នុងនោះក្រសួងក៏មានក្រុមប្រឹក្សានីតិកម្ម ដើម្បីធានាថាគ្រប់កិច្ចការគឺត្រូវតែអនុវត្តតាមច្បាប់ មិនមែនទៅតាមមាត់បុគ្គលនោះទេ។

លោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានមានប្រសាសន៍រាយការណ៍ជូនសម្ដេចថាគិតមកដល់ពេលនេះ គណៈមេធាវីមានសមាជិកចំនួន១៧៥៦ ជាសមាជិកពេញសិទ្ធិ និងមេធាវីកម្មសិក្សាចំនួន៣៤៩នាក់ ដោយក្នុងអាណត្តិចុងក្រោយនេះ ចំនួនមេធាវីមានការកើនឡើងដោយសារសេដ្ឋកិច្ចមានការរីកចំរើន តម្រូវការផ្លូវច្បាប់មានច្រើន ហើយគណៈមេធាវីក៏បានពង្រាយមេធាវីទៅកាន់ខេត្តដាច់ស្រយាល។

លោកបានបន្តថាចំនួនមេធាវីនៅកម្ពុជា ប្រសិនបើប្រៀបធៀបនឹងចំនួនប្រជាពលរដ្ឋ គឺមេធាវីម្នាក់មានទំនៃការផ្ដល់សេវាកម្មច្បាប់ជូនប្រជាពលរដ្ឋដល់ទៅ១៥០០នាក់។ លោកក៏បានជម្រាបជូនសម្ដេចអំពីការងារកំណែទម្រង់ការងាររដ្ឋបាលនៅគណៈមេធាវីដើម្បីឲ្យមានតម្លាភាព តាមរយៈការបង្កើតគោលនយោបាយហិរញ្ញវត្ថុ គ្រប់គ្រងបុគ្គលិក សុខមាលភាពមេធាវី និងប្រព័ន្ធគ្រប់គ្រងទិន្នន័យឯកសារ។

លោកប្រធានគណៈមេធាវីក៏បានឲ្យដឹងថានៅក្នុងអាណត្តិនេះ គណៈមេធាវីបានទទួលអាគាររដ្ឋបាលបន្ថែមពីសាលាក្ដីខ្មែរក្រហម ដោយបានរៀបចំជាបន្ទប់រៀនចំនួន២បន្ទប់ បន្ទប់បណ្ណាល័យ បន្ទប់ក្រុមប្រឹក្សាវិន័យ និងបន្ទប់ផ្សេងៗទៀតទៅតាមតម្រូវការចាំបាច់របស់គណៈមេធាវី ខណៈការបណ្ដុះបណ្ដាលមេធាវីក៏ត្រូវបានកែទម្រង់ ដោយមានការបន្ថែមម៉ោងបង្រៀនផងដែរ។

លោកបន្តថាគណៈមេធាវីក៏បានសម្រេចបានបង្កើតក្រុមប្រឹក្សាវិន័យតូចនៅក្រោមក្រុមប្រឹក្សាវិន័យធំ ដោយរៀបចំឲ្យមានការជំនុំជម្រះដូចសវនាការនៅតុលាការ ដើម្បីឲ្យមេធាវីដែលមានរឿងអាចដាក់ភស្តុតាង ឬពលរដ្ឋដែលប្ដឹងមេធាវីអាចដាក់ភស្តុតាង និងមានសវនាការត្រឹមត្រូវស្របពេលដែលការងារសង្គមក៏ត្រូវបានគណៈមេធាវីខិតខំបំពេញយ៉ាងសកម្ម ជាពិសេសការផ្ដល់សេវាមេធាវីឥតគិតកម្រៃជូនប្រជាពលរដ្ឋក្រីក្រ។

លោកប្រធានបានបន្តថាក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ គណៈមេធាវីបានទទួលក្ដីជួយជនក្រីក្រចំនួន១៥៣៧៣ករណី និងពីកូ ក្ដីទូទី២៣៤២៩ករណី ក្នុងនោះមានស្ត្រី១៧០៥នាក់ និងកុមារ៥៩០៣នាក់ ដោយការងារនេះ គណៈមេធាវីបានទទួលការជួយគាំទ្រពីរាជរដ្ឋាភិបាល។ លោកបន្តកំណើនរឿងក្ដីនេះក៏ដោយសារទំនុកចិត្តពីកូនក្ដីដែលកន្លងមកធ្លាប់ពឹងលើមេធាវីសង្គមស៊ីវិល។

លោកប្រធានគណៈមេធាវីបានមានប្រសាសន៍ថាកន្លងមកនេះមេធាវីមានឱកាសធ្វើការងារផ្នែកសង្គមនេះបានច្រើន បន្ទាប់ពីមានការរៀបចំបន្ទប់មេធាវីនៅតាមពន្ធនាគារ ជាសមិទ្ធផលមួយដ៏ធំធេងរបស់សម្ដេចក្រឡាហោម ដែលបានផ្ដល់ឱកាសឲ្យគណៈមេធាវីបានរៀបចំសាងសង់បន្ទប់នៅតាមបណ្ដាពន្ធាគារ ដើម្បីបង្កើន និងពង្រឹងសេវាប្រឹក្សាច្បាប់ក្នុងពន្ធនាគារ និងបានជួបកូនក្ដីនៅកន្លែងនគរបាល។

ជាការតបស្នងចំពោះគុណូប្បការៈរបស់សម្ដេចក្រឡាហោម លោកប្រធានគណៈមេធាវីបានជម្រាបសម្ដេចថា គណៈមេធាវីបានសម្រេចគោរពជូនសម្ដេចនូវអាវកិត្តិយសថ្នាក់លេខ២ ដើម្បីជាអនុស្សាវរិ៍ និងការដឹងគុណចំពោះសម្ដេចដែលបានជួយគណៈមេធាវីក្នុងការងារពង្រឹងសេវាកម្មផ្នែកច្បាប់ និងយុត្តិធម៌សង្គម។ 

លោកប្រធានក៏បានស្នើសុំសម្ដេចបន្តជួយគណៈមេធាវីដើម្បីឲ្យវិជ្ជាជីវៈកាន់តែរឹងមាំ ក្នុងនោះក៏មានការជំរុញឲ្យមេធាវីអាចចូលជួបកូនក្ដីនៅកន្លែងនគរបាលបានច្រើន ជាងមុន ដោយសារកន្លែងខ្លះនៅមិនទាន់មានកិច្ចសហការពេញលេញនៅឡើយ លោកក៏បានស្នើសុំសម្ដេចពិនិត្យលទ្ធភាពឲ្យមេធាវីបាននៅប្រចាំការនៅការិយាល័យនគរបាលនីមួយៗដើម្បីអាចផ្ដល់មតិយោបល់ផ្នែកច្បាប់ចៀសវាងមានបញ្ហាពេលបញ្ជូនរឿងក្ដីទៅតុលាការ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍សម្ដែងការកោតសរសើរចំពោះគណៈមេធាវីកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ សម្ដេចក៏បានថ្លែងឯកភាពចំពោះការគិតគូរអំពីបរិមាណមេធាវីដែលមានចំនួនតិចតួច ប្រៀបធៀបនឹងចំនួនប្រជាជនសរុបនៅកម្ពុជា។

សម្ដេចបានមានប្រសាសន៍ថា កន្លងទៅនេះ សម្ដេចបានប្រគល់ភារកិច្ចជូនឯកឧត្តម ប៊ុន ហុន ដើម្បីសិក្សារៀបចំមេធាវីនៅតាមរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ដែលកើតមានបញ្ហាច្រើន ដើម្បីជួយបញ្ចៀសការអនុវត្តការងារមួយចំនួនខុសពីនីតិវិធី។ 

សម្ដេចបានមានប្រសាសន៍បន្តផ្ដល់ការគាំទ្រនិងសម្របសម្រួលដើម្បីឲ្យមេធាវីអាចបំពេញការងារបានរលូន ព្រមទាំងពិចារណាលើសំណើរមួយចំនួនទៀត។

ជាចុងបញ្ចប់នៃជំនួបនាឱកាសដ៏វិសេសវិសាលនេះ គណៈមេធាវីកម្ពុជា បានគោរពប្រគល់ជូននូវអាវកិត្តិយសថ្នាក់លេខ២ ជូនសម្ដេចក្រឡាហោម និងថតរូបជាអនុស្សាវរិយ៍៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ារីណា ដែលបានរួមចំណែក ១០ម៉ឺនដុល្លារ ក្នុងប្រតិបត្តិការសង្គ្រោះប្រជាជន ដែលរងគ្រោះដោយបាតុភូតធម្មជាតិគ្រោះទឹកជំនន់
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ប្រតិកម្មឆ្លើយតបចំពោះការចុះផ្សាយព័ត៌មានរបស់បណ្តាញសារព័ត៌មានភ្នំពេញថែមស៍
ព័ត៌មានជាតិ
ពលរដ្ឋជាង២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ត្រូវទឹកលិចព័ទ្ធភូមិ, ទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្ត ដឹកនាំស្បៀងជូនភ្លាមៗ
ព័ត៌មានជាតិ
ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិន ​បានអញ្ជើញបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាយ៉ាងជោគជ័យ​
ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង៖ ​ផ្តាច់ជីវិតមនុស្ស ១០នាក់ ​ជនលិចផ្ទះជាង៣ម៉ឺនខ្នង​ ដំណាំជាង១២ម៉ឺនហិកតា និងបំផ្លាញផ្លូវ ស្ពានជាច្រើនទៀត​
ព័ត៌មានជាតិ
ក្រុមប្រឹក្សាភិបាល ប.ស.ស. ​បើកកិច្ចប្រជុំពិភាក្សាលើចំណុចដែល នៅសល់ពីកិច្ចប្រជុំលើកទី២ ​អាណត្តិទី១ របស់ខ្លួនបន្តទៀត ទៅតាមកម្មវិធីដែលបានគ្រោងទុក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី