(អន្តរជាតិ)៖ កូរ៉េខាងជើង ធ្វើឱ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីបានបង្ហាញសព្វាវុធយោធា រួមទាំងប្រភេទមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ (ICBM) ជាមីស៊ីល វាយប្រហារ ក្នុងរយៈចម្ងាយឆ្ងាយ នៅឯព្យុហយាត្រាយោធាបានប្រព្រឹត្តធ្វើទៅកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងទីក្រុងព្យុងយ៉ាងចំថ្ងៃគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើតគណបក្សពលករកូរ៉េខាងជើង។
ក្រុមអ្នកវិភាគបាននិយាយថាមីស៊ីលដែលបានបង្ហាញនោះនឹងជាកាំជ្រួចមីស៊ីលឆ្លងទ្វីបដ៏ធំបំផុតមួយនៅលើពិភពលោកប្រសិនបើវាមីស៊ីលនោះដាក់ដំណើរការ។ ម៉ូឌែល ICBM ថ្មីនេះត្រូវបានគេជឿថាបានអភិវឌ្ឍពីប្រភេទមីស៊ីល Hwasong-15 ដែលជាមីស៊ីលបំពាក់ដោយអាវុធនុយក្លេអ៊ែរធំបំផុតដែលកូរ៉េខាងជើងមាន។
នៅមុនព្យុហយាត្រាយោធា ដែលប្រារព្ធដើម្បីអបអរ គម្រប់ខួបលើកទី៧៥ នៃការបង្កើតបក្សពលករកូរ៉េនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិយាយថា លោក គីម ជុងអ៊ុន អាចនឹងប្រើប្រាស់ ព្រឹត្តិការណ៍នោះ បង្ហាញអាវុធយុទ្ធសាស្ត្រថ្មី ដែលមេដឹកនាំកូរ៉េខាងជើងបានសន្យាកាលពីដើមឆ្នាំ។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកខកចិត្តចំពោះទង្វើអួតសម្ញែងអាវុធយោធារបស់កូរ៉េខាងជើង ខណៈដែលការចរចារំសាយអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរនៅតែជាប់គាំងនៅឡើយ៕




