រដ្ឋមន្ត្រីការបរទេស​ចិន សន្យាថា ក្រោយ Covid-19 ចិន និង​កម្ពុជា នឹង​រៀបចំ​ផែនការ​អភិវឌ្ឍ​រួមគ្នា ហើយ​វិនិយោគ​ចិន​នៅ​កម្ពុជា មិនបាន​ប៉ះពាល់​ដោយ Covid-19 ទេ តែ​កាន់​តែមាន​ច្រើន​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ បន្ទាប់ពី​មកដល់​ភ្នំពេញ​ភ្លាម កាលពី​ព្រលប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន បាន​ជួប​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​។ ក្នុង​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​ចិន ឯកឧត្តម វ៉ាង យី សន្យាថា ក្រោយ Covid-19 ចិន និង​កម្ពុជា នឹង​រៀបចំ​ផែនការ​អភិវឌ្ឍ​រួមគ្នា ហើយ​វិនិយោគ​ចិន​នៅ​កម្ពុជា នៅពេលនេះ មិនបាន​ប៉ះពាល់​ដោយ Covid-19 ទេ តែ​កាន់​តែមាន​ច្រើន​។​

​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​លើកឡើងថា ការប្រើប្រាស់​ឥណទាន​សម្បទាន (Loan) និង​ហិរញ្ញប្បទាន​ឥត​សំណង (Grant) របស់​ចិន សម្រាប់​បេក្ខភាព​គម្រោង​អាទិភាព ឆ្នាំ​២០២០ ដើម្បី​អនុវត្តន៍​គម្រោង ចំនួន ៨ រួមមាន​៖ គម្រោង​ត្រៀម​ចុះហត្ថលេខា​មាន​៖ -​គម្រោង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ទីក្រុង​ព្រះសីហនុ​-​ទីក្រុង​ហុងកុង​។ -​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​71C -​គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​ជនបទ ជំហាន​ទី​៧ -​គម្រោង​ជំរុញ​ផលិក​ម្ម​ស្រូវ និង​នាំចេញ​អង្ករ​។​

​ចំណែក​គម្រោង ដែល​កំពុង​រៀបចំ មាន​៖ -​គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត -​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៤១ លេខ​៣៣ និង​លេខ​៣១​។​

​ក្នុងឱកាស​នេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើ​មិត្ត​ចិន ជួយ​ដោះស្រាយ​បញ្ហា​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន COFCO របស់​ចិន ដែលជា​របាំង សម្រាប់​ការ​នាំចូល​អង្ករ​កម្ពុជា ចំនួន ៤០០.០០០ តោន​។ 

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើក​ទៀតថា ភាគី​មិត្ត​ចិន បាន​យល់ព្រម​ទិញ​ស្វាយ (​ដែល​បាន​ចុះ​អនុស្សារណ​រួចហើយ​) និង​ត្រី ទៅ​ប្រទេស​ចិន ដូច្នេះ​ឯកឧត្តម ស្នើ​ជំរុញ​ការនាំ​ចូល​ឲ្យ​បាន​ឆាប់​។​

​ឆ្លៀតឱកាស​នេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​លើក​ថា កន្លងមក មិត្ត​ចិន​បាន​ទិញ​កសិផល​យើង​បាន​ច្រើន​មួយចំនួន​ហើយ ដូចជា ចេក ស្វាយ ដំឡូង​មី កៅស៊ូ គ្រាប់ស្វាយចន្ទី ជាដើម ដូច្នេះ​ឯកឧត្តម ក៏បាន​ស្នើ​មិត្ត​ចិន ជួយ​ទិញ​ឲ្យ​បាន​ច្រើន​ថែមទៀត ព្រមទាំង​ស្នើ​ឲ្យ​មិត្ត​ចិន​ជួយ​ទិញ ម្រេច ទុរេន ស្ករស ផ្លែ​តា​ង៉ែ​ន​។​ល​។​

​លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ស្នើ​ភាគី​មិត្ត​ចិន ពិនិត្យ​លទ្ធភាព​លើកទឹកចិត្ត​ដល់​វិនិយោគិន​ចិន ក្នុង​ការផ្ទេរ​រោងចក្រ ពី​ប្រទេស​ចិន មក​ប្រទេស​កម្ពុជា ឲ្យ​បាន​ច្រើន ស្របតាម​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​កសិកម្ម​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​ករណី​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ របស់​ចិន ដែល​អាច​ប្រើប្រាស់​ជា​ផ្លូវការ​បាន​។ ដូច្នេះ​ឯកឧត្តម ស្នើ​ភាគី​មិត្ត​ចិន ផ្តល់​វ៉ា​ក់ សាំង​នេះ ជា​អំណោយ​ដល់​ប្រទេស​កម្ពុជា​។​

​ជាការ​ឆ្លើយតប ឯកឧត្តម វ៉ាង យី បាន​លើកឡើងថា រដ្ឋាភិបាល និង​ប្រជាជន​ចិន ចងចាំ​មិន​ភ្លេច​នូវ​ដំណើរ​ទស្សនៈកិច្ច​របស់​សម្ដេច​តេ​ជោ កាលពី​ខែកុម្ភៈ កន្លងមក ទៅកាន់​ប្រទេស​ចិន ក្នុងពេលដែល​ជំងឺ​កូ​វីដ​១៩ កំពុង​រាតត្បាត​ខ្លាំង​។ ក្នុងនោះ ការចុះហត្ថលេខា FTA នៅថ្ងៃនេះ គឺ​ដោយសារ​សម្ដេច​តេ​ជោ និង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ខិតខំ កន្លងមក​។​

​ឯកឧត្តម វ៉ាង យី បាន​បញ្ជាក់ថា ក្រោយ Covid-19 ចិន និង​កម្ពុជា នឹង​រៀបចំ​ផែនការ​អភិវឌ្ឍ​រួមគ្នា​។ ក្នុងនោះ វិនិយោគ​ចិន​នៅ​កម្ពុជា មិនបាន​ប៉ះពាល់​ដោយ Covid-19 ទេ នៅពេលនេះ តែ​កាន់​តែមាន​ច្រើន​។​

​ឯកឧត្តម វ៉ាង យី ជម្រាបជូន​ឯកឧត្តម ហោ ណាំហុង បន្ថែមថា ភាគី​មិត្ត​ចិន បានប្រគល់​នូវ​កំណត់​ទូត​អំពី​ជំនួយឥតសំណង សម្រាប់​គម្រោង​អភិវឌ្ឍ​កម្ពុជា ដែលមាន​ទឹកប្រាក់​ចំនួន ៩៥០​លាន​យាន់ (​ប្រហែល ១៤០ លាន​ដុល្លារ​)​។ ចិន នឹង​ផ្ដល់​វ៉ាក់សាំង​ប្រឆាំងនឹង Covid-19 ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេស​កម្ពុជា ដែលជា​មិត្ត​ដែកថែប​របស់​ចិន​។​

​ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីការបរទេស វ៉ាង យី ក៏បាន​សន្យា​នាំចូល​កសិផល​កម្ពុជា​ថែមទៀត ដែលមាន​គុណភាព តាម​សំណើ​របស់​កម្ពុជា​។ ចិន នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត​។ ចិន​បាន​ផ្ដួចផ្ដើម​គំនិត​ការពារ​សុវត្ថិភាព​ទិន្នន័យ ឌីជីថល ដោយ​ស្នើអោយ​កម្ពុជា គាំទ្រ​។​

​ឯកឧត្តម វ៉ាង យី ក៏បាន​លើកសរសើរ​សម្ដេច​តេ​ជោ ដែល​បាន​ទប់ស្កាត់ Covid-19 បាន​ជោគជ័យ​។ 

​ចំណែក​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ឆ្លើយថា កម្ពុជា និង​ចិន បានទទួល​ជោគជ័យ​រួម ក្នុងការ​ទប់ស្កាត់ Covid-19​។​

​មុន​បញ្ចប់ ឯកឧត្តម វ៉ាង យី បាន​លើកឡើងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជា​មិត្ត​ចាស់​របស់​ចិន ជា​អ្នកការទូត និង​នយោបាយ​ជើងចាស់ ដែល​គាត់ សុំ​រៀនសូត្រ​តាម​។​

​សូម​រម្លឹកថា ឯកឧត្តម វ៉ាង យី មក​បំពេញ​ទស្សនកិច្ច ២​ថ្ងៃ នៅ​កម្ពុជា នា​ថ្ងៃទី​១១ និង​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​។ នៅ​ថ្ងៃទី​១២​តុលា​នេះ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ចិន ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន មុនពេល​ធ្វើជា​សាក្សី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​ឯកសារ​សំខាន់ ០២​ទៀត រួមមាន​៖ លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ និង​លិខិត​ប្ដូរ​សារ ស្ដីពី ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នៅ​ខេត្ត​ព្រះសីហនុ​៕​

(រូបថត៖ Freshnews )


អត្ថបទដែលជាប់ទាក់ទង
ជប៉ុនបួងសួងសូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព​ ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់​
ព័ត៌មានជាតិ
Twitter ដាក់ការរឹតត្បិតប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការបោះឆ្នោតប្រធានាធិបតីអាមេរិក
ព័ត៌មានជាតិ
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារចំនួន៤
ព័ត៌មានជាតិ
កូរ៉េខាងជើង បង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មី នៅឯព្យុហយាត្រាដ៏ធំមួយ ខណៈសហរដ្ឋអាមេរិកបានសម្តែងការខកចិត្ត
ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាស្តីពី«ការិយាល័យព័ត៌មានឈ្លាសវ៉ៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន»
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្ត និងអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមបង្ការ និងមានការប្រុងប្រយ័ត្នខ្ពស់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី