(ភ្នំពេញ)៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញបញ្ជាឲ្យក្រុមកម្មករក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ផ្អាកជាបន្ទាន់ការធ្វើកូដកម្ម រហូតដល់នីតិវិធីនៃអាជ្ញាកណ្តាល ត្រូវបានបញ្ចប់សព្វគ្រប់តាមនីតិវិធីច្បាប់ ហើយកូដករទាំងអស់ ត្រូវត្រឡប់ចូលធ្វើការវិញ ចាប់ពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ តទៅ តាមវេនរបស់ខ្លួន។
ការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាធរកណ្តាល ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ យោងតាមរបាយការណ៍ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ស្តីពី ការដោះស្រាយវិវាទការងាររួម នៅក្រុមហ៊ុន ស៊ីនទ្រី ព្រមទាំងសំណុំរឿង ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ របស់លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតាមលិខិតចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ របស់ក្រុមហ៊ុន ស៊ីនទ្រី ស្តីពី សំណើសុំចេញសេចក្តីបញ្ជា ដើម្បីផ្អាកការធ្វើកូដកម្មរបស់កម្មករនិយោជិត នៅក្រុមហ៊ុន ស៊ីនទ្រី ( ខេមបូឌា )។
សូមរម្លឹកថា ក្រុមកម្មករក្រុមហ៊ុនស៊ីនទ្រី ប្រមាណ ២១៥០នាក់ បានធ្វើកូដកម្ម មិនចេញប្រមូលសំរាម នៅរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។ មូលហេតុ ក្រុមកម្មករ ទាមទារឲ្យក្រុមហ៊ុនទូទាត់ប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដោយសារកម្មករ បារម្ភខ្លាច ពេលខាងមុខដ៏ខ្លីនេះ សាលារាជធានីភ្នំពេញ រៀបចំដេញថ្លៃរកក្រុមហ៊ុនថ្មីបន្ថែមទៀត មកប្រមូលសំរាម ហើយស៊ីនទ្រី មិនជាប់ ឬក៏ជាប់បានតែមួយតំបន់ ក៏ត្រូវកាត់រំសាយបុគ្គលិក។
ក៏ប៉ុន្តែក្រុមហ៊ុន ស៊ីនទ្រី និងសាលារាជធានីភ្នំពេញ ចាត់ទុកការទាមទាររបស់បងប្អូនកម្មករស៊ីនទ្រី ថាជាការទាមទារខុសច្បាប់ ព្រោះក្រុមហ៊ុន នៅដំណើរការនៅឡើយ។
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ មានការចរចា សម្របសម្រួលដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយលោកធានាចំពោះកម្មករ លើការទូទាត់ប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍នានា បើសិនជាកម្មករណាម្នាក់ ត្រូវបានបញ្ឈប់ពីការងារ ហើយសាលារាជធានីភ្នំពេញ ធានារក្សាការងាររបស់កម្មករទាំងអស់។ ក្នុងនោះ ក៏មានការឯកភាពថា កម្មករស៊ីនទ្រី ត្រូវចូលធ្វើការវិញ នៅរសៀលថ្ងៃទី៧តុលា ឆ្នាំ២០២០។
ក៏ប៉ុន្តែចេញពីកិច្ចប្រជុំ ក្រុមកម្មករក្រុមហ៊ុនស៊ីនទ្រីមួយចំនួន មិនយល់ស្រប បន្តធ្វើកូដកម្ម ដោយទាមទារឲ្យក្រុមហ៊ុន ទូទាត់ប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍នានា ដល់ពួកគាត់នៅពេលនេះតែម្តង៕



