(ភ្នំពេញ)៖ ស្ថានទូតបារាំងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ទទួលស្វាគមន៍លោកអ្នកនៅថ្ងៃសៅរ៍នេះចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង១៥៖០០ នៅក្នុងឧទ្យានពណ៌ខៀវស្រងាត់ក្នុងឱកាសទិវាបេតិកភណ្ឌ អមដោយពិព័រណ៍របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា(CCIFC) និងការដាក់តាំងស្នាដៃសិល្បៈរបស់សិល្បករ បណ្តូល ស្តីពីបេតិកភណ្ឌ។
ស្ថានទូតបារាំងបានឲ្យដឹងថា អ្វីៗត្រូវបានរៀបចំឡើងដើម្បីធ្វើយ៉ាងណាឱ្យលោកអ្នកអាចស្វែងយល់ និងទស្សនាឱ្យបានប្រសើរបំផុត។ ជួបគ្នាថ្ងៃស្អែកចាប់ពីម៉ោង៨ព្រឹក!។
ជាមួយគ្នានេះ ស្ថានទូតបានបញ្ជាក់ថា ក្នុងកាលៈទេសៈបច្ចុប្បន្ន អ្នកចូលទស្សនាត្រូវពាក់ម៉ាស និងគោរពវិធានការសុខាភិបាលនានា។ ចំណីអាហារ ភេសជ្ជៈ (លើកលែងទឹក) និងកាបូបធំៗ មិនអនុញ្ញាតឱ្យយកចូលស្ថានទូតឡើយ។ ស្ថានទូតសូមរក្សាសិទ្ធិក្នុងការលុបចោល ឬបន្ថយម៉ោងទស្សនាឧទ្យាន និងនិវេសនដ្ឋាន ក្នុងករណីមានភ្លៀង៕




