(ភ្នំពេញ)៖ កម្ពុជាកំពុងត្រៀមបើកការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតនៅក្រុងព្រះសីហនុដែលជម្រៅរហូតដល់ ១៤ម៉ែត្រកន្លះ និងបានកំពុងសិក្សាផងដែរ ពីគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅមួយថ្មីបន្ថែមទៀត ដែលមានជម្រៅរហូតដល់ ១៧ម៉ែត្រ ដែលអាចឲ្យកប៉ាល់ធំៗក្នុងពិភពលោកអាចចូលចតដើម្បីដាក់ទំនិញបាន។ នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការមណ្ឌលឆៀកសាខាកំបូល តាមបណ្តាយផ្លូវជាតិលេខ៤ ក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះថា ទោះបីកម្ពុជាជួបបញ្ហាកូវីដ ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលមិនមានគម្រោងផ្អាក ឬកាត់បន្ថយគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាមួយនោះឡើយ ហើយគម្រោងអភិវឌ្ឍន៍កំពង់ផែក៏នៅតែបន្តពង្រីកការអភិវឌ្ឍបន្ថែមជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការជំរុញការធ្វើពាណិជ្ជកម្មកាន់តែប្រសើរ៕




