(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) បានព្យាករថា សេដ្ឋកិច្ចប្រទេសកម្ពុជា នឹងរួញទំហំប្រមាណ -២ភាគរយ ក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញ ហើយលូតលាស់បានប្រហែលជិត ៤ភាគរយក្នុងឆ្នាំ២០២១។
ធនាគារពិភពលោកបានឲ្យដឹងដូច្នេះ នៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
ធនាគារពិភពលោកបានលើកឡើងថា ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។
ក្នុងរបាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់ថា ទោះបីជាការនាំចេញសរុបនៃផលិតផលកមន្តសាលបានរងការប៉ះទង្គិចពីការរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ ក៏កំណើននៅតែបន្តមានក្នុងការនាំចេញផលិតផលរោងចក្រដទៃទៀត រួមមានកង់ គ្រឿងបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានា ហើយការនាំចេញអង្ករ និងផលិតផលកសិកម្មផ្សេងទៀតនៅមានសន្ទុះខ្លាំងក្លា។ ជាមួយគ្នានេះ ទេសចរណ៍ក្នុងស្រុកបានជួយមួយផ្នែក ក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរកម្រើកឡើងវិញ។
គួរជម្រាបថា បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា គឺជារបាយការណ៍ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដើម្បីផ្តល់ព័ត៌មានបច្ចុប្បន្នភាពស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម៕





