(ភ្នំពេញ)៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោក Jan Scazighino ភារធារីថ្មីប្រចាំការិយាល័យស្ថានទូតកាណាដានៅកម្ពុជា បានស្នើសុំឲ្យប្រទេសកាណាដា ពិចារណាលើការជួយគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាពចម្ការមីនបច្ចុប្បន្នពាក់ព័ន្ធនឹងការប្រើប្រាស់ដី(Resurvey) ដែលការស្រាវជ្រាវឡើងវិញនេះ នឹងនាំឲ្យយើងអាចកាត់បន្ថយការប្រើប្រាស់ថវិកា និងពេលវេលាបានយ៉ាងច្រើន ក្នុងការងារបោសសម្អាតមីន។
ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុច បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វិស័យសកម្មភាពមីន ចាប់តាំងពីឆ្នាំ១៩៩៩។
ជាមួយគ្នានេះ ឯកឧត្ដមអនុប្រធានទី១ អាជ្ញាធរមីន ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិស័យបោសសម្អាតមីន ជាការងារអាទិភាពមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការផ្តល់នូវសុខដុមក្នុងសង្គម ដែលក្នុងនោះសម្តេចតេជោ តែងតែយកចិត្តទុកដាក់ខ្ពស់ និងចង់ឃើញប្រជាពលរដ្ឋរស់នៅទីជនបទទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព ដូចប្រជាពលរដ្ឋរស់នៅទីក្រុងដែរ។
លោក Jan Scazighino បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការចូលរួមចំណែករបស់ប្រទេសកាណាដា ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការសង្រ្គោះជីវិតមនុស្សពីការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ជាការឆ្លើយតបនឹងសំណើខាងលើ លោក Jan Scazighino នឹងពិនិត្យពិចារណាគាំទ្រដល់គម្រោងការចុះស្រាវជ្រាវឡើងវិញនូវចម្ការមីននេះ៕




