(តាកែវ)៖ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia) នៅថ្ងៃទី១៥ ខែធ្នូនេះ បានចែករំលែកព័ត៌មានពីដំរីមួយក្បាល ដែលមានសំណាងអាចនៅបន្តរស់រានមានជីវិតពីជំងឺដ៏កាចសាហាវមួយប្រភេទ ដែលមានអត្រាស្លាប់រហូតដល់ ៨០ភាគរយឯណោះ។
អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានឲ្យដឹងថា ឡាក់គី ត្រូវបានគេរកឃើញនៅក្នុងព្រៃតែម្នាក់ឯងកាលពីឆ្នាំ១៩៩៩ តាំងពីនាងនៅជាកូន ដំរីតូចម៉្លេះ។ អំឡុងពេលពីរឆ្នាំ គិតចាប់តាំងពីពេលដែលនាងបានមកដល់មជ្ឈមណ្ឌសង្គ្រោះ សត្វព្រៃភ្នំតាម៉ៅដំបូង ឡាក់គី និងស៊ីថេង ដែលលោកជាប្រធានផ្នែកថែទាំសត្វនៅទីនោះ មិនដែលឃ្លាតឆ្ងាយពីគ្នាម្តងណាឡើយ។
បើតាមអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ៥ឆ្នាំមុននេះ ឡាក់គីបានរងការបៀតបៀនដោយជំងឺម៉្យាង ដែលបង្កឡើងដោយវីរុសមួយ ប្រភេទ មានឈ្មោះថា EEHV - ដែលវីរុសប្រភេទនេះ កើតមានតែនៅលើប្រភេទសត្វដំរី តែប៉ុណ្ណោះ ប៉ុន្តែនៅពេលវាធ្វើការវិវត្តបង្កជាជំងឺដល់ដំរីណាមួយហើយ អត្រាស្លាប់របស់ ដំរីនោះមានរហូតដល់ ៨០% ឯណោះ។ ប្រការនេះបានតម្រូវឲ្យនាងត្រូវតែទទួលបាននូវការ ព្យាបាលល្អិតល្អន់ ភ្លាមៗពីសំណាក់គ្រូពេទ្យ និងបុគ្គលិកថែទាំទាំងយប់ទាំងថ្ងៃ ដោយប្រើ ពេលរហូតដល់៩ខែ ហើយរឿងដែលយើងមិននឹងស្មានដល់នោះគឺ ឡាក់គីអាចជាសះស្បើយ ពីជំងឺដ៏កាចសាហាវមួយនេះ។
ប្រភពដដែលបានបន្ថែមទៀតថា ពួកយើងមានមោទកភាពដែលថា៖ បច្ចុប្បន្ននេះ ឡាក់គីគីជាដំរី មួយក្បាលក្នុងចំណោមដំរី ១៥ក្បាល នៅទូទាំពិភពលោកដែលអាចជាសះស្បើយ និងអាចបន្តនៅរស់រានមានជីវិតពីជំងឺមួយប្រភេទនេះ។ ពេលនេះ នាងរស់នៅជាមួយដំរីឈ្មោលមួយក្បាលឈ្មោះថា “ឈូក” ហើយកំពុងតែរីករាយ ជាមួយនឹងការដើរលេងនៅក្នុងព្រៃ (ព្រឹក-ល្ងាច) និងទំនាក់ទំនងជាមួយភ្ញៀវទេសចរមួយ ចំនួនទៀតផង។
ចូលរួមគាំពារសត្វព្រៃ និងឡាក់គី ថ្ងៃនេះ ដើម្បីជួយឧបត្ថម្ភដល់នាង និងសត្វជាង ១,៣០០ ក្បាលផ្សេងទៀតដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ នេះជាសារអំពាវនាវបន្ថែមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ៕





