(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យពិនិត្យលទ្ធភាពផ្តល់ក្របខណ្ឌបន្ថែមឲ្យគ្រូពេទ្យតាមរយៈការប្រឡង ឬគ្រូពេទ្យជាប់កិច្ចសន្យា។ សម្តេចបញ្ជាក់ថា ការបន្ថែមក្របខណ្ឌគ្រូពេទ្យនេះ ដោយកំណត់លក្ខខណ្ឌការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្នុងការថ្លែងសារពិសេស នាព្រឹកថ្ងៃទី១៥ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំចង់ផ្តល់ក្របខណ្ឌបន្ថែមដល់គ្រូពេទ្យ ចឹងសូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម ម៉ម ប៊ុនហេង ឯកឧត្តម ព្រំ សុខា ពិភាក្សាគ្នាអំពីលទ្ធភាពនៃការផ្តល់ក្របខណ្ឌគ្រូពេទ្យបន្ថែម តាមរយៈការប្រឡងជ្រើសរើស ឬគ្រូពេទ្យដែលកំពុងធ្វើកិច្ចការតាមកិច្ចសន្យា ហើយឲ្យទទួលមុខងារនឹងតែម្តង បានសេចក្តីថា អ្នកណាស្ម័គ្រចិត្តប្រយុទ្ធនឹងកូវីដ១៩»។
សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ទោះបីជាមានជំនាញទូទៅ ឬជំនាញណាក៏ដោយ ប៉ុន្តែយកមកប្រយុទ្ធជាមួយគ្រូពេទ្យ។ «ជាលទ្ធភាពខ្ញុំនឹងផ្តល់អាទិភាពផ្តល់ក្របខណ្ឌ ដោយសុខចិត្តកាត់បន្ថយមន្ត្រីក្របខណ្ឌស្ថាប័នផ្សេង ហើយបង្កើនក្របខណ្ឌគ្រូពេទ្យ។ ប៉ុន្តែសុំឲ្យឯកឧត្តម ម៉ម ប៊ុនហេង ពិនិត្យជាបឋមបណ្តុះបណ្តាលថែមគ្រូពេទ្យដែលមានស្រាប់ សម្រាប់បម្រើឲ្យការប្រយុទ្ធប្រឆាំងកូវីដ»៕



