(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យើងត្រូវចាត់ទុកថា មាន ប្រសើរជាងអត់មាន។ អីចឹងត្រូវតៀមលក្ខណៈ យើងកើតក្នុងសហគមន៍ហើយ នឹងអាចកើតក្នុងសហគមន៍តាមកន្លែងនិមួយៗ និងតាមម្តងម្កាល។ ពេលនេះ យើងអាចត្រួតត្រាបាន គ្រាន់តែមិនទាន់បញ្ចាប់។ នៅពេលខាងមុខ យើងត្រូវចាត់ទុកថា វាអាចកើតមានទ្រង់ទ្រាយធំ ប្រសើរជាងចាត់ទុកថា វាមិនកើត។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ដើម្បីទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមាន៖ ១.ត្រូវរស់នៅមានអនាម័យជានិច្ច ២.ត្រូវត្រៀមកន្លែង សម្រាប់អ្នកជំងឺកូវីដ១៩ បំពាក់បរិក្ខារសម្រាប់សង្គ្រោះបន្ទាន់។ ៣.ពង្រឹងការតាមដានរុករកអ្នកជំងឺកូវីដ១៩ ដោយប្រើប្រាស់ប្រព័ន្ធសុខាភិបាល នៅតាមសហគមន៍។ ៤.បណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូពេទ្យបន្ថែម និងបន្ថែមចំនួនគ្រូពេទ្យ។ ៥.ពង្រីកលទ្ធភាពមន្ទីរពិសោធន៍ ទាំងនៅភ្នំពេញ សៀមរាប ព្រះសីហនុ និងនៅខេត្តបាត់ដំបង។ ៦.ផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ និងខោអាវការពារឲ្យបានគ្រប់គ្រាន់ ទៅគ្រប់មន្ទីរពេទ្យ។ ៧.ប្រព័ន្ធបញ្ជូនអ្នកជំងឺ ត្រូវពង្រឹង ហើយត្រូវមានរថយន្តបញ្ជូនអ្នកជំងឺ ដោយធ្វើយ៉ាងណា កុំឲ្យឆ្លងជំងឺ។ ៨.ត្រូវពង្រីកក្រុមការងារឆ្លើយតបបន្ទាន់បន្ថែមទៀត ( ក្រុមទៅយកសំណាក )។ ៩.ត្រៀមលក្ខណៈព្យាបាលនៅនឹងកន្លែង និងត្រៀមចល័ត។ ១០.ត្រៀមកន្លែងធ្វើចត្តាឡីស័ក និងអ្នកគ្រប់គ្រងអ្នកធ្វើចត្តាឡីស័ក ឲ្យបានហ្មត់ចត់ ចំណីអាហារសម្រាប់អ្នកធ្វើចត្តាឡីស័ក និងត្រូវយាមកាមឲ្យបានតឹងតែងបំផុត។ ១១.ជំរុញការចូលរួមតាមសហគមន៍ ពិសេសស្ត្រីនៅផ្ទះ ឲ្យក្រុមគ្រួសារ មានអនាម័យ ហើយប្រជាការពារ ជាអ្នកផ្តល់ព័ត៌មានមកកាន់សុខាភិបាល។ ១២.អាជ្ញាធរភូមិឃុំ ត្រូវចូលរួមអប់រំសុខភាពប្រជាជនឲ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការចម្លងនៅក្នុងសហគមន៍ ដោយយកបទពិសោធន៍ កាលពីខែមេសា។ ១៣.បង្កើត ឬពង្រឹងប្រព័ន្ធតាមដានអ្នកប៉ះពាល់អ្នកជំងឺ និងប្រព័ន្ធរាយការណ៍ឲ្យបានទូលំទូលាយ។ ការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ជាកំហិត។ ១៤.លើកទឹកចិត្តឲ្យមានការបង្ហាញខ្លួន និងមានភាពស្មោះត្រង់ ដើម្បីចាត់វិធានការបន្ទាន់៕



