(ភ្នំពេញ)៖ តាមការគ្រោងទុក នាម៉ោង ៨:៣០នាទី ព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០ គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរៀបវារៈ ដូចខាងក្រោម៖
១-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣។
២-សេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣។
៣-បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖
៣.១-សេចក្តីព្រាង ស្តីពី ការអនុម័តយល់ព្រមលើពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៣.២-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ៖
១-ពិធីសារទី៣ ស្តីពីសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។
២-ពិធីសារ៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights) រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៣.៣-សេចក្តីព្រាងច្បាប់ ស្តីពី ការយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពី សេវាកម្ម។
៣.៤-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពី ការហាមឃាត់អាវុធនុយក្លេអ៊ែរ៕



