(សហរដ្ឋអាមេរិក)៖ ទីភ្នាក់ងារសុខាភិបាលអាមេរិកបាននិយាយថាករណីឆ្លងកូវីដ-១៩ ក្នុងចំនោមមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកបានកើនឡើងគួរឱ្យបារម្ភក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលសាកលវិទ្យាល័យបានបើកដំណើរការឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ចុះផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
អ្នកស្រាវជ្រាវដែលមកពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បាននិយាយថាសាកលវិទ្យាល័យដែលចង់បើកដំណើរជាថ្មី ត្រូវតែអនុវត្តវិធានការការពារដូចជាការពាក់របាំងមុខ និងរក្សាគម្លាតសង្គមដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងចំណោមមនុស្សពេញវ័យ។ ។
ចន្លោះពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញាករណីនៃការឆ្លងវីរុសកូវីដ១៩ ក្នុងចំនោមយុវវ័យដែលមានអាយុចាប់ពី ១៨ ដល់ ២២ ឆ្នាំបានកើនឡើងដល់ទៅ ៥៥.១%។ របាយការណ៍ក៏បានបន្តទៀតថាតំបន់ភាគឥសានបានកើនឡើង ១៤៤ % នៃករណីឆ្លងវីរុសកូវីដ-១៩ ខណៈដែលភាគពាយព្យបានកើនឡើង ១២៣.៤%។
ការកើនឡើងនេះត្រូវបានអ្នកជំនាញអះអាងថាដោយសារតែយុវវ័យជាច្រើនមិនបានគោរពតាមវិធានការការពារ មិនពាក់ម៉ាស និងមិនរក្សាគម្លាតសង្គមជាដើម។ ខណៈគិតត្រឹមថ្ងៃទី០១ ខែតុលា នេះតួលេខអ្នកឆ្លងកូវីដ-១៩នៅសហរដ្ឋអាមេរិកបានកើនដល់ជាង ៧.៤លាននាក់ ហើយអ្នកស្លាប់មាន ២១ម៉ឺននាក់៕



