(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២នាក់។ ម្នាក់ ជាអ្នកដំណើរមកពីជប៉ុន ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ហើយទើបតេស្តលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក ទើបរកឃើញកើតជំងឺកូវីដ។ រីឯម្នាក់ទៀត ជាអ្នកធ្លាប់ទៅហាង Zando សាខាបឹងកេងកង។
ក្រសួងសុខាភិបាល កត់សម្គាល់ថា អ្នកបានទៅហាងលក់សម្លៀកបំពាក់ Zando រកឃើញឆ្លងកូវីដ ៥នាក់ហើយ។
នៅថ្ងៃនេះ ក្រសួងសុខាភិបាល មិនបានផ្សព្វផ្សាយពីរូបថត អ្នកឆ្លងកូវីដថ្មី ២នាក់នេះទេ តែបានផ្សាយឈ្មោះ អាយុ និងអាសយដ្ឋានរបស់អ្នកទាំងនោះ។
ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្រសួងសុខាភិបាល បានប្រកាសថា នៅសល់សំណាក ៣៧២៥សំណាកទៀត ដែលត្រូវធ្វើវិភាគបន្ត នៅថ្ងៃទី១០ ខែធ្នូនេះ។ គិតពីថ្ងៃទី២៨ ខែវិច្ឆិកា មកដល់ថ្ងៃទី១០ ខែធ្នូ មានមនុស្សសរុប ៣៩នាក់ហើយ ត្រូវបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៥៦នាក់។ ក្នុងនោះ ៣០៧ នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៤៩នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ( ៣៦នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ១៣នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ )៕





