(មណ្ឌលគិរី)៖ អាជ្ញាធរក្រុងសែនមនោរម្យ បានប្រកាសផ្អាកអាជីវកម្ម Relax Hill Resort នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ មូលហេតុ ដោយសារតែកាលពីថ្ងៃទី២ ខែធ្នូ មានភ្ញៀវ ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ បានទៅស្នាក់នៅ Relax Hill Resort។ បុរសនេះ ត្រូវបានក្រសួងសុខាភិបាល រកឃើញឆ្លងវីរុសកូវីដ១៩ កាលពីថ្ងៃទី៨ ខែធ្នូ។
តាមសេចក្តីប្រកាស Relax Hill Resort ត្រូវផ្អាកដំណើរការអាជីវកម្ម រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ និងត្រូវឲ្យអ្នកពាក់ព័ន្ធ ដែលបានប៉ះពាល់ ចំនួន ៧នាក់ ( ស្ត្រី ៤នាក់ ) ត្រូវធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅ Relax Hill Resort ជាកំហិត។
អាជ្ញាធរក្រុងសែនមនោរម្យ ក៏បានប្រកាសឲ្យអ្នកដែលបានស្នាក់នៅ Relax Hill Resort នៅខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២ ខែធ្នូ ដល់ថ្ងៃទី៩ ខែធ្នូនេះ សូមធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងត្រូវទៅធ្វើតេស្ត យកវត្ថុសំណាករកមេរោគកូវីដ១៩៕







