(ខេត្តកណ្តាល)៖ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានប្រកាសរំសាយកិច្ចប្រជុំ នៅសាលាខេត្តកណ្តាល ជាបន្ទាន់ នៅព្រឹកថ្ងៃពុធ ទី៩ ខែធ្នូនេះ ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ នោះគឺនៅស្រុកកណ្តាលស្ទឹង និងនៅក្រុងតាខ្មៅ។
ក្នុងសារជាសំឡេង ដែលគេផ្សព្វផ្សាយ នៅព្រឹកថ្ងៃពុធ ទី៩ ខែធ្នូនេះ លោកអភិបាលខេត្តកណ្តាល គង់ សោភ័ណ្ឌ បានលើកឡើងថា មានអ្នកជំងឺកូវីដម្នាក់ មកពាក់ព័ន្ធនឹងអ្នកស្រុក នៅកណ្តាលស្ទឹង ហើយបានប៉ះពាល់ដល់ផ្សារ វត្ត និងភូមិ ដែលតាមរយៈអ្នកលក់ហូបបបរ នៅក្នុងភូមិ។ អ្នកពាក់ព័ន្ធទាំងនោះ បានមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក ក្នុងជំហានដំបូងនេះ មានដល់ ៤៤នាក់។ ក្នុងចំណោមនោះ ក៏មានអ្នកមានការសង្ស័យខ្ពស់ ក្នុងការកើតបន្តទៀត។
លោកអភិបាលខេត្តកណ្តាល បន្ថែមថា ទី២ កើតនៅក្រុងតាខ្មៅ ២នាក់ ជាស្ត្រីម្នាក់ ជាបុរសម្នាក់ ដែលធ្វើការនៅហាង Pedro។ ពាក់ព័ន្ធអ្នកនៅក្នុងនោះ រហូតដល់ ២៤នាក់ទៀត។ ដូច្នេះកំពុងធ្វើការស្រាវជ្រាវ ហើយអ្នកពាក់ព័ន្ធនោះ ១ចំនួន កំពុងបារម្ភខ្លាំង និងមានអ្នកពាក់ព័ន្ធ នៅជិតៗផ្ទះរបស់អ្នកជំងឺកូវីដនោះ មានទាំងមន្ត្រីសាលាខេត្តកណ្តាលថែមទៀត។ មានអ្នកបើកបរឡានរបស់ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងទល់មុខផ្ទះរបស់អភិបាលក្រុងតាខ្មៅ ដែលត្រូវមានការស្រាវជ្រាវ និងហៅមកធ្វើចត្តាឡីស័ក ផងដែរ។
លោកអភិបាលខេត្ត ក៏បានប្រកាសថា នៅថ្ងៃនេះ នៅក្នុងក្រុងតាខ្មៅ ផ្សារនៅតាមមាត់ទន្លេ កន្លែងលក់ដូរ នៅតាមមាត់ទន្លេ ក៏ដូចជាការលក់ដូរ នៅតាមមាត់ស្ទឹង នៅក្រុងតាខ្មៅមួយចំនួនធំ ត្រូវបិទទ្វារ ហើយហាងតូចៗមួយចំនួន ដែលពាក់ព័ន្ធ នៅជិតតំបន់នោះ ហើយមានការលក់ដូរខ្លះ ដែលមិនមានអនាម័យ គឺឲ្យបិទតែម្តង៕



