(ភ្នំពេញ)៖ ទីភ្នាក់ងារជំនួយអាមេរិក USAID នៅថ្ងៃទី៧ ខែធ្នូនេះ បានបង្ហាញព័ត៌មានមន្ត្រីឧទ្យានុរក្សស្ត្រីមួយរូប ដែលបាននិងកំពុងធ្វើការនៅដែនជម្រកសត្វព្រៃ ព្រៃឡង់។
USAID បានឲ្យដឹងថា បរិបទសង្គមបានដាក់គំនាបមកលើ ឈិត ផាត់ថាវឌី ដែលចង់ក្លាយជាមន្ត្រីឧទ្យានុរក្សស្ត្រី ដើម្បីចូលរួមក្នុងការងារអភិរក្ស។ ឪពុកម្តាយរបស់ ថាវឌី ចង់ឱ្យគាត់ធ្វើការនៅក្រុមហ៊ុនឯកជន ឬប្រកបមុខរបរអាជីវកម្មដោយខ្លួឯង បន្ទាប់បញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។
បច្ចុប្បន្ន ថាវឌី គឺជាមន្ត្រីឧទ្យានុរក្សដែលកំពុងធ្វើការនៅដែនជម្រកសត្វព្រៃ ព្រៃឡង់ស្ថិតនៅទីតាំងភូមិសាស្ត្រ ខេត្តក្រចេះ។
ថាវឌី បាននិយាយថា៖ “ខ្ញុំពិតជាមានមោទនភាព ខ្លាំងណាស់ដែលក្លាយជាមន្ត្រីឧទ្យានុរក្ស។ ខ្ញុំចង់សម្រេចគោលបំណងខ្លួនឯងនូវអ្វីដែលខ្ញុំចង់ធ្វើ ដោយមិនធ្វើនូវអ្វីដែលគេចង់ឱ្យខ្ញុំធ្វើឡើយ។ កាលខ្ញុំក្លាយជាមន្ត្រីឧទ្យានុរក្សដំបូងៗ មានមន្ត្រីឧទ្យានុរក្សប្រុសៗខ្លះថា ខ្ញុំជាស្ត្រី គឺមិនសាកសមធ្វើជាមន្ត្រីឧទ្យានុរក្សឡើយ។ យ៉ាងណាម៉ិញ ការរិះគន់ទាំងនេះបានធ្វើឱ្យខ្ញុំកាន់តែរឹងមាំ និងខិតខំបំពេញការងាររបស់ខ្ញុំបានយ៉ាងល្អ។”
ទីភ្នាក់ងារជំនួយអាមេរិក USAID មានមោទកភាពក្នុងការគាំទ្រ ថាវឌី តាមរយៈគម្រោងព្រៃឡង់បៃតង៕



