(ភ្នំពេញ)៖ ការហាត់ប្រាណ ការលេងកីឡាគ្រប់ប្រភេទ រួមទាំងការចេញ-ចូល ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ស្តាតអូឡាំពិក ត្រូវផ្អាក ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ ការសម្រេចនេះ ត្រូវបានឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បញ្ជាក់ក្នុងលិខិតថា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ក្រសួងសុខាភិបាល ក្នុងការយកទីតាំងពហុកីឡដ្ឋានជាតិ សម្រាប់ប្រមូលសំណាកធ្វើតេស្តលើកទី២ នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ថា បុគ្គលិកអប់រំ ដែលមានទីតាំងបម្រើការងារ ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ត្រូវបន្តធ្វើការតាមអនឡាញ ក្នុងអំឡុងផ្អាកការហាត់ប្រាណ ការលេងកីឡាគ្រប់ប្រភេទ រួមទាំងផ្អាកការចេញ-ចូល ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី៧-១២ ខែធ្នូ ឆ្នាំ២០២០។
សូមរម្លឹកថា ក្រសួងសុខាភិបាល បានកំណត់យកពហុកីឡដ្ឋានជាតិ អូឡាំពិក ជាទីតាំងធ្វើតេស្ត លើកទី២ នៅថ្ងៃទី៨ ខែធ្នូ សម្រាប់អ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ក្នុងនោះ នៅភ្នំពេញ ក៏មានកន្លែងធ្វើតេស្តមួយទៀត គឺនៅក្រសួងមហាផ្ទៃ។ រីឯតាមបណ្តាខេត្តនានា ក៏មន្ទីរសុខាភិបាល រៀបចំផងដែរ។
អ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវក្រសួងសុខាភិបាល តម្រូវឲ្យធ្វើតេស្ត ៣ លើក ដែលលើកទី៣ នឹងធ្វើឡើង នៅថ្ងៃទី១២ធ្នូ។
គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបបានចំនួន ៩៧៩៣នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ២៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕




