(ភ្នំពេញ)៖ នៅទីស្តីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បានរៀបចំពិធីប្រគល់-ទទួលជំនួយថវិកាចំណងដៃអាពាហ៍ពិពាហ៍របស់ លោក ប៉ូច រ័ត្នវិចិត្រ និងលោកស្រី ភឺន ភព្តាល័យ ចំនួន២ម៉ឺន ដុល្លារសហរដ្ឋអាមេរិក ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដើម្បីជូនដល់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩។
ពិធីប្រគល់-ទទួលជំនួយជាថវិកានេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពីមាតាបិតារបស់គូរស្វាមីភរិយាផងដែរ។
លោកជំទាវរដ្ឋលេខាធិការ បានចូលរួមអបអរសាទរ ចំពោះគូរស្វាមីភរិយាថ្មី ដែលទើបបានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រោមម្លប់សន្តិភាពនៃការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក ប៉ូច រ័ត្នវិចិត្រ និងលោកស្រី ភឺន ភព្តាល័យ និងក្រុមគ្រួសារចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ដែលនឹងត្រូវបានចងចាំទុក ដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល និងអ្នករងគ្រោះដោយ ជំងឺកូវីដ-១៩ និងបានជូនពរដល់គូរស្វាមីភរិយាថ្មីឱ្យទទួលនូវសុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងបានទទួលនូវពុទ្ធពរទាំងបូនប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




