(អន្តរជាតិ)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna នឹងដាក់ពាក្យស្នើសុំការអនុញ្ញាតជាបន្ទាន់ ពីរដ្ឋបាលចំណីអាហារនិងឱសថ (FDA) សម្រាប់ដាក់ឱ្យវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ខ្លួនប្រើប្រាស់ បន្ទាប់ពីការសិក្សារបស់ពួកគេមានលទ្ធផលវិជ្ជមាន។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមហ៊ុន Moderna បានចេញសេចក្តីថ្លែងការណ៍នេះ ក្រោយការតេស្តសាកល្បងបានបង្ហាញថា បេក្ខជនវ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាព ៩៤.១% និងគ្មានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរណាមួយ ត្រូវបានរកឃើញអំឡុងពេលសាកល្បងនោះឡើយ ជាពិសេសមានប្រសិទ្ធភាព ១០០% ក្នុងប្រឆាំងនឹងអាការៈធ្ងន់ធ្ងរ។
សូមរំលឹកថាក្រុមហ៊ុន Moderna គឺជាក្រុមហ៊ុនផលិតឱសថទី២ របស់អាមេរិក បន្ទាប់ពីក្រុមហ៊ុន Pfizer ដែលដាក់ពាក្យស្នើសុំទៅរដ្ឋបាលចំណីអាហារនិងឪសថ (FDA) ដើម្បីសុំការអនុញ្ញាតឱ្យប្រើជាបន្ទាន់សម្រាប់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ពួកគេ៕



