(ខេត្តកំពង់ឆ្នាំង)៖ ករណីពុលស្រាស នៅខេត្តកំពង់ឆ្នាំង គិតត្រឹមម៉ោង ២ រសៀលថ្ងៃទី៣០ ខែវិច្ឆិកានេះ ត្រូវបានលោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាសថា ចំនួនអ្នករងគ្រោះ បានកើនឡើងដល់ ១៣១នាក់ ហើយក្នុងនោះ អ្នកស្លាប់ បានកើនឡើងដល់ ៧នាក់ហើយ។
លោកជំទាវ ឱ វណ្ណឌីន ឲ្យដឹងថា អ្នកសង្ស័យពុលស្រាសនេះ សរុបចំនួន ១៣១នាក់ ក្នុងនោះ មានស្ត្រី ៦នាក់។ អ្នកជាសះស្បើយ ៩០នាក់ អ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំង ជាបុរស មានចំនួន ៣១នាក់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំនួន ៣នាក់។ ក្នុងនោះ មាន អ្នកស្លាប់ចំនួន ៧នាក់ គឺស្លាប់ នៅមនី្ទរពេទ្យខេត្ត ២នាក់ ស្លាប់ពេលបញ្ជូន មកភ្នំពេញ ២នាក់ ស្លាប់នៅផ្ទះ ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ម្នាក់។
សូមជម្រាបថា ករណីសង្ស័យពុលស្រាសនេះ បានកើតឡើង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មុនហេតុការណ៍ពុលស្រាសនេះ មានករណីសង្ស័យពុលថ្នាំបាញ់ នៅចំការឪឡឹក ដែលបណ្តាលឲ្យស្លាប់ ២ម្នាក់។ នៅពេលអ្នកភូមិ ទៅចូលរួមពិធីបុណ្យសពអ្នកស្លាប់ពីហេតុការណ៍សង្ស័យពុលថ្នាំបាញ់ឪឡឹក ក៏កើតរឿងពុលស្រាសនេះតែម្តង៕ 


