(សៀមរាប)៖ ក្នុងពិធីបើកការដ្ឋានស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ និងកែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ សម្តេចសម្តេចតេជោ ហ៊ុន សែន បានស្នើទៅក្រសួងសុខាភិបាល ឲ្យចាត់ចែងបែងថវិកាសប្បុរសជួយដល់ក្រុមគ្រួសារដែលធ្វើចត្តាឡីស័ក។ សម្រាប់អ្នកក្រីក្រក្នុងមួយគ្រួសារទទួលបាន ២ម៉ឺនរៀលក្នុងមួយថ្ងៃ។
សម្តេចតេជោបានថ្លែងថា៖ «សូមឲ្យមូលដ្ឋានគ្រប់លំដាប់ថ្នាក់ជួយផ្គត់ផ្គង់ស្បៀងអាហារដល់អ្នកធ្វើចត្តាឡីស័កដែលខ្វះលទ្ធភាពក្នុងគ្រួសារ។ ពេលខ្លះអ្នកធ្វើចត្តាឡីស័កជាអ្នករកប្រាក់ដើម្បីចិញ្ចឹមគ្រួសារ ដូច្នេះយើងត្រូវយកចិត្តទុកដាក់តាមមើល និងផ្គត់ផ្គង់ជូនពួកគាត់។ ខ្ញុំគិតថាក្នុងមួយគ្រួសារ ១ម៉ឺន ឬ២ម៉ឺនរៀលក្នុងមួយថ្ងៃ វាមិនច្រើនទេសម្រាប់ពួកគាត់ តែច្រើនសម្រាប់រដ្ឋ តែរដ្ឋអាចគ្រប់គ្រងបាន»។
«ថវិកាពីបានពីការបរិច្ចាគពីសប្បុរជនកន្លងមកជាង ៤២ពាន់លាន បានចូលធនាគារបាន ៣៧ពាន់លាន ផ្តល់ថវិកាដល់ខេត្ត ដើម្បីឲ្យខេត្តនោះផ្តល់ទៅមូលដ្ឋានចែកជូនដល់គ្រួសារនៃអ្នកធ្វើចត្តាឡីស័ក បើមិនដូច្នោះទេ ពូកគាត់ធ្វើចត្តាឡីស័កដោយគ្មានអង្ករច្រកឆ្នាំង គឺវាមិនមែនជារឿងសមរម្យទេ។ ហើយករណីនេះ ប្រហែលជាមានតែនៅស្រុកខ្មែរទេ ដែលធ្វើចត្តាឡីស័កមានប្រាក់យកទៅដល់ផ្ទះ»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖ «ធ្វើយ៉ាងនេះដើម្បីឲ្យអាជ្ញាធរខេត្តទទួលបាននូវការអនុវត្តដោយពេញលេញនូវបទបញ្ជារបស់នាយករដ្ឋមន្ត្រីក្នុងការតម្រូវឲ្យប្រជាពលរដ្ឋពាក់ព័ន្ធធ្វើចត្តាឡីស័ក ហើយអ្នកក្រីក្រធ្វើចត្តាឡីស័កដោយមិនខ្វាយខ្វល់ការខ្វះខាតស្បៀងអាហារក្នុងក្រុមគ្រួសាររបស់គាត់ ចឹងខ្ញុំកំណត់ជាគោលការណ៍តែម្តង ក្នុងមួយគ្រួសារទទួលបាន២ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែរាប់លំជាប់តែអ្នកក្រីក្រ មានប័ណ្ណក្រីក្រស្រាប់»៕



