(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដំណើរទាំងអស់ ដែលមកពីក្រៅប្រទេស ដាច់ខាត ត្រូវតែធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័ក តាមសាលារៀន ឬតាមសណ្ឋាគារ ដែលក្រសួងសុខាភិបាល បានរៀបចំឲ្យ ទោះបីជាក្នុងយន្តហោះនោះ មានអ្នកកើតជំងឺកូវីដ១៩ ឬក៏មិនមានក៏ដោយ។
មុនពេលឡើងយន្តហោះ នាំយកម៉ាស ២លាន និងបរិក្ខារពេទ្យ ១២មុខ យកទៅជូនរដ្ឋាភិបាល និងប្រជាជនភូមា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា «យើងពង្រឹងតាម Airport នេះ! អ្នកចេញចូលតាម Airport នេះ។ អ្នកដែលចូលមកតាមហ្នឹង ឥឡូវនេះ ត្រូវតែចាំបាច់ ត្រូវតែចត្តាឡីស័ក ១៤ថ្ងៃហើយ។ ពីមុន យន្តហោះ ដែលអត់មានអ្នកផ្ទុកកូវីដ១៩ យើងអាចឲ្យធ្វើចត្តាឡីស័ក នៅផ្ទះបាន ១៤ថ្ងៃ។ ប៉ុន្តែឥឡូវអត់ទេ គឺថា មាន ឬមួយអត់មាន ក្នុងយន្តហោះនោះ គឺដាច់ខាតការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ត្រូវតែធ្វើនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋ ដែលបានចាត់ចែង។ ដូច្នេះយើងកាន់តែប្រុងប្រយ័ត្នថែមទៀត»៕
( រូបថតពី Fresh News )




