(ភ្នំពេញ)៖ ក្រោមការចាត់តាំងពីឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ឯកឧត្តម ប៉ែន នរៈវុធ នាយករង ប.ស.ស. បានដឹកនាំមន្ត្រីបច្ចេកទេស នៃ ប.ស.ស. ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី នវានុវត្តន៍របស់រដ្ឋាភិបាល សម្រាប់ការដាក់បញ្ចូលក្រុមជនងាយរងគ្រោះ ទៅក្នុងសង្គមវិញ។
កិច្ចប្រជុំនេះ ធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី៣ និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលរៀបចំដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់សេដ្ឋកិច្ច និងសង្គមកិច្ច (UN DESA)។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ ផ្តោតលើការកសាងសមត្ថភាពក្នុងការលើកកម្ពស់នវានុវត្តន៍របស់រាជរដ្ឋាភិបាល សម្រាប់ការដាក់បញ្ចូលក្រុមងាយរងគ្រោះ ទៅក្នុងសង្គម ដោយបង្ហាញពីអភិក្រម យុទ្ធសាស្រ្ត និងបទពិសោធន៍ ព្រមទាំងជម្រុញការដាក់បញ្ចូលក្រុមជនងាយរងគ្រោះទៅក្នុងការរៀបចំគោលនយោបាយ, ការអនុវត្ត, ការត្រួតពិនិត្យ និងការតាមដានដំណើរការលើក្រុមជនងាយរងគ្រោះដោយផ្ទាល់។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា , អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, តំណាងរដ្ឋាភិបាល និងតំណាងអង្គការអន្តរជាតិ សរុបប្រមាណ ៥០រូប៕




