(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងមួយ ដោយប្រកាសបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស។
សេចក្ដីជូនដំណឹង បានសរសេរថា «អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងកាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា កំណត់ឲ្យ”ជាប់ជាស្ថាពរ”ចំពោះបេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡងដោយគ្មានការកំណត់និទ្ទេស»។
សូមជម្រាប ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសម្រេចឲ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុបទាំងអស់គ្នា ដោយមិនចាំបាច់ប្រឡង។ នេះដោយសារតែបញ្ហាកូវីដ១៩ ដែលបន្តអូសបន្លាយតាមរយៈព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
ការប្រកាសជាថ្មីដូច្នេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដំបូងឡើយ បានប្រកាសមិនឲ្យក្រសួងអប់រំ រៀបចំការប្រឡងបាក់ឌុប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឡើយ។ ក្នុងនោះ សម្តេច ក្នុងការថ្លែងសារពីដំបូង គឺសម្រេចឲ្យក្រសួងអប់រំ វាយតម្លៃលើលទ្ធផលប្រឡងឆមាសរបស់បេក្ខជនថ្នាក់ទី១២ ដើម្បីសម្រេចជាប់ ឬធ្លាក់។
ប៉ុន្តែមុនពេលបញ្ចប់ការថ្លែងសារនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សិស្សថ្នាក់ទី១២ នៅឆ្នាំសិក្សា ២០១៩-២០២០ គឺជាប់ទាំងអស់។ បេក្ខជនប្រឡងឌីប្លូម ក៏ត្រូវជាប់ទាំងអស់គ្នាដែរ។ ការធ្វើដូច្នេះ ដើម្បីលើកទឹកចិត្តដល់សិស្សនិស្សិតយើង ចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩៕





