(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំ វេទិកាពិភាក្សាស្តីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជា»ដែលនឹងមានការអញ្ជើញចូលរួមពី អ្នកជំនាញប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា ប្រវត្តិសិល្បៈ សិលាចារឹកវិទ្យា និងអក្សរសាស្ត្រ មកពីស្ថាប័នជាតិនានារួមមាន៖ រាជបណ្ឌិត្យ សភាកម្ពុជា,ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងអប់រំ យុវជន និងកីឡា, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, គណៈកម្មការជាតិបេតិកភណ្ឌពិភពលោក, និងគណៈកម្មការយូណេស្កូកម្ពុជា។
ឯកឧត្ដមបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅពុធនេះថា«សៀវភៅប្រវត្តិសាស្រ្តប្រទេសកម្ពុជាដែលនឹងចងក្រង មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចាប់សម័យបុរេប្រវត្តិសាស្ត្រ សម័យមុនអង្គរ សម័យអង្គរ សម័យក្រោយអង្គរ និងសម័យទំនើប»៕



