(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចរំលោភចិត្តនៅពេលសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋាន បានចូលរួមបរិច្ចាគថវិកា ទិញវ៉ាក់សាងកូវីដ១៩។ ចលនាមហាជនផុសផុលនេះ គឺជាខឿនការពារសុខភាពប្រជាជនយើង ដែលសម្តេច នឹកស្មានមិនដល់។
សម្តេចតេជោ ហ៊ុន សែន ក៏បានបដិសេធនឹងការលើកឡើងថា សម្តេចរ៉ៃអង្គាសថវិកានេះ ដើម្បីយកមកបើកប្រាក់ខែឲ្យមន្ត្រីរាជការ។ តែសម្តេចថា ប្រាក់ខែរបស់មន្ត្រីរាជការ ក្នុង១ខែៗ គឺរាជរដ្ឋាភិបាល ចំណាយដល់ទៅ ២០០លានដុល្លារ។
សម្តេចបន្ថែមថា ការលើកឡើងនោះ គឺជាការប្រមាថដល់ប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាការប្រមាថលើព្រះករុណា ព្រះមហាក្សត្រ ដែលបានចូលរួមថវិកាជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ពេលនេះ។
សម្តេចតេជោ បញ្ជាក់ថា «មានអ្នកខ្លះចូល ៤០០០រៀល ... ទឹកប្រាក់នេះ មិនច្រើនទេ តែទឹកចិត្តវាធំណាស់...»។
រហូតមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល ទទួលបានថវិកាសរុបពីសប្បុរសជន ៣៨៤១១នាក់ ដែលមានទឹកប្រាក់ជាង ៤៨ លានដុល្លារ និងប្រាក់រៀលជាង ៣៩០០ លានរៀល៕



